Skip Global Navigation to Main Content
Skip Breadcrumb Navigation
ឯកអគ្គរដ្ឋទូត

លោក​ឯកអគ្គរដ្ឋទូត William E. Todd

​លោក​ឯកអគ្គរដ្ឋទូត William E. Todd

​លោក​ឯកអគ្គរដ្ឋទូត William E. Todd

        លោកឯកអគ្គរដ្ឋទូត William (Bill) E. Todd ត្រូវ​បាន​បញ្ជាក់​ជា​ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​មិនា ឆ្នាំ​២០១២ ដោយ​ព្រឺទ្ធសភា​សហរដ្ឋ​អាមេរិក ហើយ​បាន​ស្បថ​ចូល​បំពេញ​ការងារ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១២​។

        មុន​ការ​បញ្ជាក់​នេះ លោក​បាន​ធ្វើ​ជា​ប្រធាន​សំរបសំរួល​កិច្ចការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក ក្នុង​ក្រុង​កាប៊ុល ដែល​ក្នុង​​នោះ លោក​ទទួល​ខុស​ត្រូវ​ផ្នែក​ជំនួយ​មិន​មែន​យោធា​ទាំងអស់ នៅ​ប្រទេស​អាហ្កានីស្ថាន ដែល​រួម​មាន​ការ​អនុវត្ត​ថវិកា និង​កម្មវិធី​ជំនួយ​បរទេស​ធំ​ជាង​គេ​បំផុត ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋ​អាមេរិក​។ ក្នុង​មុខ​តំណែង​នេះ លោក​ថែម​ទាំង​បាន​ដឹកនាំ​ប្រតិបត្តិការ​ផ្នែក​ស៊ីវិល នៅ​តាម​មូលដ្ឋាន ជាមួយ​បុគ្គលិក​ជនជាតិ​អាមេរិក​ចំនួន​ជាង ៦០ នាក់ ដោយ​រួម​មាន​ជន​ស៊ីវិល​ចំនួន ៣៥០ នាក់ ដែល​ចុះ​ជាប់​ជាមួយ​ផ្នែក​យោធា នៅ​តាម​ខេត្ត​ភាគ​ច្រើន​នៃ​ខេត្ត​ទាំង ៣៤ នៅ​ប្រទេស​អាហ្កានីស្ថាន ហើយ​និង​ក្រុម​កសាង​ខេត្ត​ឡើង​វិញ​ចំនួន ៥ ប្រចាំ​តំបន់​។

        ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១០ លោក​ឯកអគ្គរដ្ឋទូត Todd គឺជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ប្រ៊ុយណេ​។ នៅ​ពេល​នោះ លោក​ផ្តោត​ការងារ​ទៅ​លើ​ស្ថេរភាព​តំបន់ ការ​ប្រឆាំង​ភេរវកមុ្ម ប្រជាធិបតេយ្យ​ភាវូបនីយកម្ម ពាណិជ្ជកម្ម និង​ការ​វិនិយោគ​។

        មុន​កាន់​តំណែង​ជា​ឯកគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ប្រ៊ុយណេ លោក​ឯកអគ្គរដ្ឋទូត Todd គឺជា​អគ្គអធិការ​ស្តីទី​ក្នុង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុងឆ្នាំ ២០០៨ និង​អគ្គអធិកា​រង ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០០៨​។ ក្នុង​មុខ​តំណែង​ទាំង​ពីរ​នេះ លោក​បាន​ដឹកនាំ​សកម្មភាព​ទាំងអស់​របស់​ការិយាល័យ​អគ្គអធិការ ទាំង​នៅ​ក្នុង​ប្រទេស ទាំង​នៅ​បរទេស ដោយ​រួម​មាន​បេសកកម្ម​ការទូត​ចំនួន ២៦០ នៅ​ក្នុង​ប្រទេស​ចំនួន ១៦៣​។

        ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៦ លោក​ឯកអគ្គរដ្ឋទូត Todd បាន​បំរើ​ការ​ក្នុង​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​អនុវត្ត​ច្បាប់ និង​គ្រឿង​ញៀន​អន្តរជាតិ នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​។ ក្នុង​អំឡុង​ពេល​នេះ លោក​បាន​កាន់​តំណែង​ជាន់​ខ្ពស់​មួយ​ចំនួន​ក្នុង​ការិយាល័យ​នេះ ដោយ​រួម​មាន​តំណែង​ជា​ឧបការី​រង​រដ្ឋមន្រ្តី​ជាន់​ខ្ពស់ ឧបការី​រង​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កម្មវិធី​និតិរដ្ឋ និង​នគរបាល​ស៊ីវិល​អន្តរជាតិ និង​ទទួល​បន្ទុក​ការិយាល័យ​កិច្ចការ​អាស៊ី អាហ្វ្រិក អឺរ៉ុប និង​មជ្ឈឹម​បូព៌ា ព្រម​ទាំង​ជា​នាយក​ប្រតិបត្តិ និង​ជា​អ្នក​ត្រួត​ពិនិត្យ​។ ក្នុង​នាម​ជា​ឧបការី​រង​រដ្ឋមន្រ្តី​ជាន់​ខ្ពស់ លោក​បាន​ធ្វើ​ជា​ប្រធាន​មន្រ្តី​ប្រតិបត្តិការ​សំរាប់​កម្មវិធី​សាកល ដោយ​រួម​មាន​សកម្មភាព​ទាំងអស់​ក្រោយ​មាន​ការ​វិវាទ​។ ភាព​ជា​អ្នក​ដឹកនាំ​របស់​លោក​បាន​ធ្វើ​អោយ​លោក​ស្ថិត​នៅ​មុខ​គេ​ក្នុង​កម្មវិធី​អន្តរជាតិ​នានា​ផ្នែក​និតិរដ្ឋ ការ​បណ្តុះបណ្តាល​នគរបាល និង​ការងារ​ប្រឆាំង​គ្រឿង​ញៀន នៅ​តាម​តំបន់​ខ្លះ​ក្នុង​ចំណោម​តំបន់​ដែល​ងាយ​រង​ការ​ឆាបឆេះ​បំផុត​ក្នុង​សាកលលោក ដែល​រួម​មាន​ប្រទេស​អ៊ីរ៉ាក់ អាហ្កានីស្ថាន និង​ប្រទេស​កូឡុំប៊ី​។ លោក​ឯកអគ្គរដ្ឋទូត Todd បាន​គ្រប់គ្រង​និយោជិក និង​បុគ្គលិក​ម៉ៅការ​ចំនួន​ជាង ៤០០០ នាក់ នៅ​តាម​តំបន់​ប្រតិបត្តិការ​ចំនួន​ជាង ៧៥ តំបន់​។

        លោក​ឯកអគ្គរដ្ឋទូត Todd បាន​កាន់​តំណែង​ជាន់​ខ្ពស់​ដទៃ​មួយ​ចំនួន​ទៀត ក្នុង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ លោក​ឯកអគ្គរដ្ឋទូត Todd មាន​អាជីព​ក្នុង​កិច្ចការ​បរទេស​អស់​រយៈពេល​ជាង ១៥ ឆ្នាំ​ហើយ​។ លោក​មាន​ការ​ទទួល​ស្គាល់ និង​បាន​ទទួល​រង្វាន់​ថ្នាក់​ខ្ពស់​ជា​ច្រើន ក្នុង​អាជីព​របស់​លោក ដោយសារ​ជំនាញ​គ្រប់គ្រង និង​ជំនាញ​ក្នុង​កម្មវិធី​ដ៏​ខ្ពស់​របស់​លោក​។

        លោក​ឯកអគ្គរដ្ឋទូត Todd បាន​រៀបការ​ជាមួយ​លោកស្រី Ann Buckingham-Todd ហើយ​មាន​បុត្រ​ចំនួន ៤ នាក់​។ លោក​បាន​ទទួល​សញ្ញាប័ត្រ​បរិញ្ញា​ពី​មហាវិទ្យាល័យ Longwood College ហើយ​ក៏​ជា​គណនេយ្យករ​រដ្ឋ ដោយ​បាន​ទទួល​ច្បាប់​អនុញ្ញាត​នៅ​រដ្ឋ Virginia ។