ឯកអគ្គរដ្ឋទូត
- បកប្រែ:
- English
លោកឯកអគ្គរដ្ឋទូត William E. Todd
លោកឯកអគ្គរដ្ឋទូត William (Bill) E. Todd ត្រូវបានបញ្ជាក់ជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១២ ដោយព្រឺទ្ធសភាសហរដ្ឋអាមេរិក ហើយបានស្បថចូលបំពេញការងារនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១២។
មុនការបញ្ជាក់នេះ លោកបានធ្វើជាប្រធានសំរបសំរួលកិច្ចការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៅស្ថានទូតសហរដ្ឋអាមេរិក ក្នុងក្រុងកាប៊ុល ដែលក្នុងនោះ លោកទទួលខុសត្រូវផ្នែកជំនួយមិនមែនយោធាទាំងអស់ នៅប្រទេសអាហ្កានីស្ថាន ដែលរួមមានការអនុវត្តថវិកា និងកម្មវិធីជំនួយបរទេសធំជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក។ ក្នុងមុខតំណែងនេះ លោកថែមទាំងបានដឹកនាំប្រតិបត្តិការផ្នែកស៊ីវិល នៅតាមមូលដ្ឋាន ជាមួយបុគ្គលិកជនជាតិអាមេរិកចំនួនជាង ៦០ នាក់ ដោយរួមមានជនស៊ីវិលចំនួន ៣៥០ នាក់ ដែលចុះជាប់ជាមួយផ្នែកយោធា នៅតាមខេត្តភាគច្រើននៃខេត្តទាំង ៣៤ នៅប្រទេសអាហ្កានីស្ថាន ហើយនិងក្រុមកសាងខេត្តឡើងវិញចំនួន ៥ ប្រចាំតំបន់។
ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១០ លោកឯកអគ្គរដ្ឋទូត Todd គឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសប្រ៊ុយណេ។ នៅពេលនោះ លោកផ្តោតការងារទៅលើស្ថេរភាពតំបន់ ការប្រឆាំងភេរវកមុ្ម ប្រជាធិបតេយ្យភាវូបនីយកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។
មុនកាន់តំណែងជាឯកគ្គរដ្ឋទូតប្រចាំប្រទេសប្រ៊ុយណេ លោកឯកអគ្គរដ្ឋទូត Todd គឺជាអគ្គអធិការស្តីទីក្នុងក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០០៨ និងអគ្គអធិការង ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៨។ ក្នុងមុខតំណែងទាំងពីរនេះ លោកបានដឹកនាំសកម្មភាពទាំងអស់របស់ការិយាល័យអគ្គអធិការ ទាំងនៅក្នុងប្រទេស ទាំងនៅបរទេស ដោយរួមមានបេសកកម្មការទូតចំនួន ២៦០ នៅក្នុងប្រទេសចំនួន ១៦៣។
ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៦ លោកឯកអគ្គរដ្ឋទូត Todd បានបំរើការក្នុងការិយាល័យទទួលបន្ទុកកិច្ចការអនុវត្តច្បាប់ និងគ្រឿងញៀនអន្តរជាតិ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលនេះ លោកបានកាន់តំណែងជាន់ខ្ពស់មួយចំនួនក្នុងការិយាល័យនេះ ដោយរួមមានតំណែងជាឧបការីរងរដ្ឋមន្រ្តីជាន់ខ្ពស់ ឧបការីរងរដ្ឋមន្រ្តីទទួលបន្ទុកកម្មវិធីនិតិរដ្ឋ និងនគរបាលស៊ីវិលអន្តរជាតិ និងទទួលបន្ទុកការិយាល័យកិច្ចការអាស៊ី អាហ្វ្រិក អឺរ៉ុប និងមជ្ឈឹមបូព៌ា ព្រមទាំងជានាយកប្រតិបត្តិ និងជាអ្នកត្រួតពិនិត្យ។ ក្នុងនាមជាឧបការីរងរដ្ឋមន្រ្តីជាន់ខ្ពស់ លោកបានធ្វើជាប្រធានមន្រ្តីប្រតិបត្តិការសំរាប់កម្មវិធីសាកល ដោយរួមមានសកម្មភាពទាំងអស់ក្រោយមានការវិវាទ។ ភាពជាអ្នកដឹកនាំរបស់លោកបានធ្វើអោយលោកស្ថិតនៅមុខគេក្នុងកម្មវិធីអន្តរជាតិនានាផ្នែកនិតិរដ្ឋ ការបណ្តុះបណ្តាលនគរបាល និងការងារប្រឆាំងគ្រឿងញៀន នៅតាមតំបន់ខ្លះក្នុងចំណោមតំបន់ដែលងាយរងការឆាបឆេះបំផុតក្នុងសាកលលោក ដែលរួមមានប្រទេសអ៊ីរ៉ាក់ អាហ្កានីស្ថាន និងប្រទេសកូឡុំប៊ី។ លោកឯកអគ្គរដ្ឋទូត Todd បានគ្រប់គ្រងនិយោជិក និងបុគ្គលិកម៉ៅការចំនួនជាង ៤០០០ នាក់ នៅតាមតំបន់ប្រតិបត្តិការចំនួនជាង ៧៥ តំបន់។
លោកឯកអគ្គរដ្ឋទូត Todd បានកាន់តំណែងជាន់ខ្ពស់ដទៃមួយចំនួនទៀត ក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូត Todd មានអាជីពក្នុងកិច្ចការបរទេសអស់រយៈពេលជាង ១៥ ឆ្នាំហើយ។ លោកមានការទទួលស្គាល់ និងបានទទួលរង្វាន់ថ្នាក់ខ្ពស់ជាច្រើន ក្នុងអាជីពរបស់លោក ដោយសារជំនាញគ្រប់គ្រង និងជំនាញក្នុងកម្មវិធីដ៏ខ្ពស់របស់លោក។
លោកឯកអគ្គរដ្ឋទូត Todd បានរៀបការជាមួយលោកស្រី Ann Buckingham-Todd ហើយមានបុត្រចំនួន ៤ នាក់។ លោកបានទទួលសញ្ញាប័ត្របរិញ្ញាពីមហាវិទ្យាល័យ Longwood College ហើយក៏ជាគណនេយ្យកររដ្ឋ ដោយបានទទួលច្បាប់អនុញ្ញាតនៅរដ្ឋ Virginia ។
- Share
- Delicious
- Digg
- StumbleUpon