Skip Global Navigation to Main Content
Skip Breadcrumb Navigation
ទិដ្ឋាការ
 

          សូម​ចូល​មើល http://dvlottery.state.gov ដើម្បី​អាន​អំពី​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក ។

សេចកី្ត​ព្រមាន​ពីការ​បន្លំ

          សូម​ចំណាំ៖ ទីភ្នាក់ងារ​ទុច្ចរិត​នៅ​ភ្នំពេញ​បាន​គាប​យក​លុយ​ពី​អ្នក​ឈ្នះ​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក (DV) ។ ក្រុមហ៊ុន​ទាំង​នេះ​បាន​ជួយ​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ដាក់​ពាក្យ​លេង​ឆ្នោត​DV នេះ  ហើយ​បន្ទាប់​មក ទារ​ថ្លៃ​សេវា​ពី​អ្នក​ឈ្នះ​យ៉ាង​ច្រើន​សម្បើម ។ អ្នក​ឈ្នះ​ឆ្នោត​មិន​ត្រូវ​បង់​លុយ​ទេ ដើម្បី​អាច​ទទួល​បាន​លេខ​របស់​គេ​នោះ ។ គេ​មិន​ត្រូវ​បង់​លុយ​អោយ​ឈ្មួញ​កណ្តាល​យ៉ាង​ច្រើន​នោះ​ឡើយ ។​ ស្ថានទូត​អាច​ជួយ​អ្នក​ឈ្នះ​ឆ្នោត​ក្នុង​ការ​ទាក់ទង​ជាមួយ​មជ្ឈមណ្ឌល​កុង​ស៊ុល​ Kentucky អោយ​បន្ត​ធ្វើ​ការ​លើ​ករណី​ឆ្នោត​ DV របស់​អ្នក ។

          មនុស្ស​ឬ​អង្គការ​ទាំងឡាយ​ណា​ដែល​អះអាង​ថា​អាច​ជួយ​សុំ​ទិដ្ឋាការ​ចូល​សហរដ្ឋ​អាមេរិក​អោយ​អ្នក​បាន ក្នុង​តំលៃ​យ៉ាង​ថ្លៃ​នោះ ​សុទ្ធតែ​កុហក​ទេ ។​ មាន​តែ​មន្ដ្រី​កុងស៊ុល​របស់​ស្ថានទូត​អាមេរិក​ទេ​ទើប​មាន​សិទ្ធិ​សំរេច​លើ​ពាក្យ​សុំ​ទិដ្ឋាការ ។ អ្នក​ដាក់​ពាក្យសុំ​ក៏​មិន​ត្រូវ​រៀបការ​ក្លែងក្លាយ​ឬ​ប្រើ​ឯកសារ​ក្លែងក្លាយ​ឡើយ​នៅ​ពេល​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ដែរ ។ បើ​គេ​ធ្វើ​ដូច្នេះ គេ​នឹង​ត្រូវ​បាន​បដិសេធ​ចោល ហើយ​មិន​អាច​ទទួល​ទិដ្ឋាការ​ចូល​សហរដ្ឋ​អាមេរិក​ជា​រៀង​រហូត ។ សូម​ទាក់ទង​ស្ថានទូត​អាមេរិក​តាម​អ៊ីម៉េល IVPhnomPenh@state.gov បើ​​មាន​ឈ្មួញ​កណ្ដាល​ណា​មួយ​គាប​ទារ​ប្រាក់​ពី​អ្នក ឬ​រាយការណ៍​ពី​អំពើ​ទុច្ចរិត ការ​បន្លំ អំពើ​មិន​គប្បី​ទាក់ទង​នឹង​ទិដ្ឋាការ និង​អំពើ​ខុស​ច្បាប់​ដទៃ​ទៀត​ទាក់ទង​នឹង​ទិដ្ឋាការ​អន្ដោប្រវេសន៍​និង​មិនមែន​អន្ដោប្រវេសន៍ ។

          កន្លង​មក​មាន​គេហទំព័រ​បន្លំ​ជា​គេហទំ​ព័រ​ផ្លូវការ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ។ ក្រុមហ៊ុន​ខ្លះ​ដែល​បន្លំ​ធ្វើ​ជា​ស្ថាប័ន​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ទារ​លុយ​ក្នុង​ការ "បំពេញ" បែបបទ​លេង​ឆ្នោត​។ អ្នក​លេង​ឆ្នោត​មិន​ត្រូវ​បង់​ថ្លែ​អ្វី​ទាំងអស់​ក្នុង​ការ​បើក​គេហទំព័រ​ហើយ​បំពេញ​ពាក្យ​តាម​អ៊ិនធ័រនែត ដើម្បី​ចូលរួម​លេង​ឆ្នោត​ DV  ។​ ក្រសួង​ការបរទេស​អាមេរិក​មិនជំរាប​អ្នក​ជាប់​ឆ្នោត​ DV តាមរយៈ​សំបុត្រ​ឫ​តាម​អ៊ីម៉េល​ទេ ។ ចំពោះ​ព័ត៌មាន​លំអិត​ សូម​មើល​គេហទំព័ររបស់​ក្រសួង​ការបរទេស​អាមេរិក

          កម្មវិធី​ឆ្នោត​ផ្សង​សំណាង (DV) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សភា​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ ១៩៩០ តាមរយៈ​ច្បាប់​អន្តោប្រវេសន៍​។ តាំង​ពី​ឆ្នាំ ១៩៩៥ មក មាន​ទិដ្ឋាការ​ចំនួន​ជាង ៧០០ ០០០ ហើយ​ត្រូវ​បាន​ចេញ​តាមរយៈ​កម្មវិធី DV​។

          ការ​ចូលរួម​លេង​ឆ្នោត​ក្នុង​កម្មវិធី​នេះ​គ្មាន​ត្រូវការ​ចំណាយ​អ្វី​ទាំងអស់​។

          ដើម្បី​ចូលរួម​លេង​ឆ្នោត DV លោក អ្នក​ត្រូវ​បំពេញ​បាន​តាម​លក្ខខ័ណ្ឌ​ទាមទារ​លើ​កំរិត​វប្បធម៌ និង​បទពិសោធន៍​ការងារ របស់​កម្មវិធី DV​។ លោក​អ្នក​ត្រូវ​មាន​សញ្ញាប័ត្រ​ទុទិយភូមិ ឬ​សញ្ញាប័ត្រ​ប្រហាក់ប្រហែល ដែល​ត្រូវ​បាន​កំណត់​ថា​ស្មើ​នឹង​ការ​បញ្ចប់​ការ​សិក្សា​ចំណេះ​ទូទៅ​ក្នុង​បឋម និង​មធ្បមសិក្សា​ចំនួន ១២ ឆ្នាំ ឬ​មាន​បទពិសោធន៍​ការងារ​ចំនួន ២ ឆ្នាំ ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ នៅ​ក្នុង​មុខ​តំណែង​ដែល​ទាមទារ​យ៉ាង​ហោច​ណាស់​រយៈពេល ២ ឆ្នាំ​នៃ​ការ​បណ្តុះបណ្តាល ឬ​បទពិសោធន៍​ដើម្បី​បំពេញ​។

         ដើម្បី​ដាក់​ពាក្យ​ចូលរួម​លេង​ឆោ្នត DV ឆ្នាំ ២០១៣ លោក អ្នក​ត្រូវ​បំពេញ​ពាក្យ​ហើយ​ផ្ញើ​តាមគេហទំព័រ​របស់​កម្មវិធី DV​ រយៈពេល​ចុះ​ឈ្មោះ​ចាប់ផ្តើម​នៅ​ពេល​ថ្ងៃ​ត្រង់ នៃ​ថ្ងៃ​អង្គារ ទី​៤ ខែ​តុលា ឆ្នាំ​២០១១ ហើយ​បិទ​នៅ​ម៉ោង​ថ្ងៃ​ត្រង់ ថ្ងៃ​សៅរ៍ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១​។ ពាក្យ​ដែល​បំពេញ​ចូល​បាន​ត្រឹមត្រូវ​នឹង​មាន​ចេញ​ឈ្មោះ និង​លេខ​បញ្ជាក់​ពិសេស​នៅ​លើ​អេក្រង់​។ លោក អ្នក​ត្រូវ​ព្រីន​វា​ទុក​។

         ចាប់​ពី​ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ​២០១២ លោក អ្នក​អាច​តាមដាន​ការ​ចូលរួម​លេង​ឆ្នោត​របស់​លោកអ្នក ​ដោយ​បើក​មើល​គេហទំព័រ​របស់​កម្មវិធី (DV) ហើយ​វាយ​លេខ​ពិសេស​របស់​លោក​អ្នក​ចូល ព្រម​ជាមួយ​នឹង​ព័ត៌មាន​ផ្ទាល់​ខ្លួន​។ ការ​ឆែក​មើល​បែប​នេះ​គឺជា​វិធី​តែ​មួយ​គត់​ដែល​អាច​ប្រាប់​លោក អ្នក​ពី​ការ​ជ្រើសរើស​សំរាប់​ការ​ចូលរួម​ក្នុង​ឆ្នោត DV ឆ្នាំ ២០១៣ ដោយ​វា​ផ្តល់​អោយ​លោក អ្នក​នូវ​ការ​ណែនាំ​ស្តីពី​វិធី​ដាក់​ពាក្យ ប្រាប់​លោក​អ្នក​ពី​ការ​ណាត់​ជួប​សំរាប់​ចូល​សំភាសន៍​សុំ​ទិដ្ឋាការ​អន្តោប្រវេសន៍​។ ដូច្នេះ ចាំបាច់​លោក អ្នក​ត្រូវ​រក្សា​លេខ​បញ្ជាក់​របស់​លោក អ្នក​។

        នៅ​ក្នុង​ពាក្យសុំ​ចូលរួម​លេង​ឆ្នោត លោក អ្នក​ត្រូវ​ចុះ​ឈ្មោះ​ប្តី ប្រពន្ធ និង​កូន​នៅ​លីវ​ទាំងអស់ ដែល​មាន​អាយុ​ក្រោម ២១ ឆ្នាំ ទោះបី​គេ​រស់​នៅ​ជាមួយ ឬ​មិន​នៅ​ជាមួយ​ក៏​ដោយ​។ រូបថត​ជា​ក្រុម ឬ​រូបថត​គ្រួសារ​មិន​ត្រូវ​បាន​ទទួល​យក​ទេ​។ ត្រូវ​មាន​រូបថត​សំរាប់​សមាជិក​គ្រួសារ​ម្នាក់​ៗ​។ មនុស្ស​ម្នាក់​មិន​អាច​ដាក់​ពាក្យ​ចូលរួម​លើស​ពី​មួយ​ទេ​។ បើ​លើស នោះ​ពាក្យសុំ​របស់​គេ​នឹង​ត្រូវ​បាន​ចាត់ទុក​ជា​មោឃៈ មិន​ថា​នរណា​ជា​អ្នក​ដាក់​ឡើយ​។

         ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១២ ទៅ​លោក​អ្នក​អាច​បើក​ចូល​មើល​គេហទំព័រ​របស់​កម្មវិធី ​DV ដើម្បី​ដឹង​ថា តើ​លោក អ្នក​ត្រូវ​បាន​គេ​ជ្រើសរើស​ឬ​អត់​។  លោក អ្នក​ចាំបាច់​ត្រូវ​មាន​លេខ​បញ្ជាក់​ពី​ការ​ចុះ​ឈ្មោះ​ចូលរួម​លេង​ឆ្នោត​ផ្សង​សំណាង​ឆ្នាំ ២០១៣ ដើម្បី​អាច​ចូល​ទៅ​ក្នុង​គេហទំព័រ​នេះ ហើយ​មើល​លទ្ធផល​ចូលរួម ដែល​ជា​មធ្យោបាយ​តែ​មួយ​គត់​សំរាប់​ដឹង​ពី​លទ្ធផល​ជ្រើសរើស​សំរាប់​ឆ្នោត​ឆ្នាំ ២០១៣ ដោយ​វា​ផ្តល់​អោយ​លោក អ្នក​នូវ​ការ​ណែនាំ​ក្នុង​ការ​ដាក់​ពាក្យ​ចូលរួម ប្រាប់​លោក អ្នក​ពី​ថ្ងៃ​ខែ និង​ម៉ោង​នៃ​ការ​ណាត់​ជួប​សំភាសន៍​សុំ​ទិដ្ឋាការ​អន្តោប្រវេសន៍​។ បើ​លោក អ្នក​បាត់​ព័ត៌មាន​បញ្ជាក់​របស់​លោក អ្នក លោក អ្នក​នឹង​មិន​អាច​ចូល​មើល​លទ្ធផល​ក្នុង​គេហទំព័រ​បាន​ទេ ហើយ​ក្រសួង​ការបរទេស​ក៏​នឹង​មិន​ផ្ញើ​ព័ត៌មាន​បញ្ជាក់​ម្តង​ទៀត​អោយ​បាន​ទេ​។

         ក្រសួងការបរទេសសហរដ្ឋអាមេរិកសូមអោយលោក អ្នក​ដាក់​ពាក្យ​លេង​ឆ្នោត​បំពេញ​ពាក្យសុំ​ដោយ​គ្មាន​ការ​ជួយ​ពី “​ទីប្រឹក្សា​ទិដ្ឋាការ​” “ភ្នាក់ងារ​ទិដ្ឋាការ​” ឬ​បុគ្គល​ណា​ផ្សេង​ទៀត ដែល​ទទួល​ដាក់​ពាក្យ​ជួស​អោយ​លោក អ្នក​ឡើយ​។ បើ​លោក អ្នក​សុំ​អោយ​អ្នក​ដទៃ​បំពេញ​អោយ​លោក អ្នក នោះ​លោក​អ្នក​ត្រូវ​នៅ​មើល​គេ​បំពេញ​អោយ ហើយ​លោក អ្នក​ត្រូវ​រក្សា​ទំព័រ​បញ្ជាក់ និង​ព័ត៌មាន​ពិសេស​សំរាប់​លោក អ្នក​។ អ្នក​ជួយ​សំរួល​អាច​មាន​គំនិត​រក្សា​ទុក​ព័ត៌មាន​បញ្ជាក់​ដើម្បី​ទារ​លុយ​ពី​លោក អ្នក​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ព័ត៌មាន ដែល​លោក​អ្នក​ត្រូវ​ទទួល​បាន​។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មិន​អាច​ផ្តល់​ព័ត៌មាន​បញ្ជាក់​ពី​ការ​ចូលរួម​បាន​ទេ បើ​សិន​ជា​អ្នក​ធ្វើ​បាត់​វា​។

        មាន​គេហទំព័រ​បន្លំ​ធ្វើ​ជា​គេហទំព័រ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ ក្រុមហ៊ុន​ខ្លះ​បន្លំ​ធ្វើ​ជា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ហើយ​ទារ​លុយ​ថ្លៃ​ចុះ​ឈ្មោះ​ចូលរួម​លេង​ឆ្នោត​។ ការ​ចូលរួម​លេង​ឆ្នោត​នេះ​គ្មាន​តំរូវ​អោយ​មាន​ការ​ចំណាយ​អ្វី​ទេ​។

         ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មិន​ជំរាប​ទៅ​អ្នក​ជាប់​ឆ្នោត​តាម​សំបុត្រ ឬ​តាម​អ៊ីម៉េល​ទេ​។ លោក​អ្នក​គួរ​ប្រាប់​ព័ត៌មាន​ស្តីពី​សំបុត្រ​ឬ​អ៊ីម៉េល​បន្លំ​ទាំំង​នេះ​ទៅ tipsphp@state.gov

         ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នឹង​មិន​អោយ​អ្នក​ជាប់​ឆ្នោត​បង់​លុយ​ជា​មុន​អ្វី​ទាំងអស់​។ មាន​តែ​អ្នក​ជាប់​ឆ្នោត​ដែល​មក​សំភាសន៍​សុំ​ទិដ្ឋាការ​អន្តោប្រវេសន៍​ទេ ទើប​ត្រូវ​បាន​តំរូវ​អោយ​បង់​លុយ​ថ្លៃ​ទិដ្ឋាការ​។

បទ​សម្ភាសន៍ របស់​វិទ្យុ VOD - ផ្នែក​ទី​១

បទ​សម្ភាសន៍ របស់​វិទ្យុ VOD - ផ្នែក​ទី​២