Skip Global Navigation to Main Content
Skip Breadcrumb Navigation
Skip Left Navigation
អនុប្រធាន​បេសកកម្មទូត

អនុប្រធាន​បេសកកម្មទូត​ លោក Jeff Daigle

        លោក Jeff Daigle បំរើ​ការងារ​ជា​អនុប្រធាន​បេសកកម្ម​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ចុង​ខែ​មិថុនា ឆ្នាំ ២០១១ មក​។ មុន​ពេល​ចូល​កាន់​មុខ​តំណែង​នេះ លោក​បាន​ធ្វើជា​មន្រ្តី​សំរបសំរួល និង​គោលនយោបាយ​កិច្ចការ​សាធារណៈ ក្នុង​ការិយាល័យ​កិច្ចការ​តំបន់​ប៉ាស៊ីហ្វិក និង​អាស៊ី​ខាង​កើត​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​។ មុន​នេះ​ទៀត លោក​បាន​ធ្វើ​ជា​មន្រ្តី​ផ្នែក​កិច្ចការ​សាធារណៈ រយៈពេល ១ ឆ្នាំ ក្នុង​ក្រុម​កសាង​ខេត្ត Babil ឡើង​វិញ នៅ​ប្រទេស​អ៊ីរ៉ាក់​។

        លោក Jeff Daigle បាន​ចូល​បំរើ​ការងារ​ផ្នែក​កិច្ចការ​បរទេស​របស់​សហរដ្ឋ​អាមេរិក នៅ​ខែ​មិនា ឆ្នាំ ១៩៩៩  ហើយ​បាន​ទទួល​ការងារ​អចិន្រ្តៃយ៍​ក្នុង​កិច្ចការ​អាជីព នៅ​ឆ្នាំ ២០០២​។ ក្រៅ​ពី​នេះ លោក​បាន​ធ្វើ​ជា​មន្រ្តី​កិច្ចការ​សាធារណៈ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង​ភ្នំពេញ ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០០៨ លោក ធ្លាប់​ជា​មន្រ្តី​កុងស៊ុល​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ប៉ារីស ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៤ ជា​មន្រ្តី​ធ្វើ​របាយការណ៍​នៅ​ស្ថាន​បេសកកម្ម របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង New York សំរាប់​មហា​សន្និបាត​លើក​ទី​៥៦ របស់​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ ២០០១ និង​បាន​បំរើ​ការងារ មន្រ្តី​រង ផ្នែក​កិច្ចការ​សាធារណៈ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង Abuja ពី​ឆ្នាំ ១៩៩៩ ដល់​ឆ្នាំ ២០០១​។

        មុន​ពេល​ចូល​បំរើ​ការ​ក្នុង​កិច្ចការ​បរទេស លោក Jeff Daigle បាន​ធ្វើ​ការងារ​ក្នុង​មុខ​តំណែង​ផ្សេង​ៗ ជា​ច្រើន ដូចជា​ធ្លាប់​ធ្វើ​ជា​នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​សកម្មភាព​បរិស្ថាន Louisiana នៅ​ក្រុង Baton Rouge រដ្ឋ Louisiana ពី​ឆ្នាំ ១៩៨៨ ដល់​ឆ្នាំ ១៩៨៩ ជា​អ្នក​ឧទ្ទេសនាម និង​សំរបសំរួល​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​អាជីព នៅWalt Disney World ក្នុង​ក្រុង Orlando រដ្ឋ Florida ពី​ឆ្នាំ ១៩៨៩ ដល់​ឆ្នាំ ១៩៩៦ ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៅ​ក្រុង Chiba City ប្រទេស​ជប៉ុន ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ​១៩៩៧ និង​ជា​គ្រូ​បណ្តុះបណ្តាល​ក្នុង​ក្រុមហ៊ុន​តំបន់​អោយ​ធនាគារ​ជាតិ Hibernia នៅ Baton Rouge ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ១៩៩៩។

        លោក Jeff Daigle បាន​ទទួល​សញ្ញាប័ត្រ​បរិញ្ញា​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ ពី​សាកលវិទ្យាល័យ​រដ្ឋ Louisiana នៅ​ឆ្នាំ ១៩៨៧​។ លោក​ចេះ​និយាយ​ភាសា​បារាំង និង​ខ្មែរ ហើយ​បាន​ទទួល​រង្វាន់ Meritorious Honor Award ជា​លក្ខណៈ​បុគ្គល​ចំនួន ២ និង​រង្វាន់ Superior Honor Award ជា​លក្ខណៈ​បុគ្គល​ចំនួន​៣ ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​។