Skip Global Navigation to Main Content
Skip Breadcrumb Navigation
ថែ​រក្សា​បរិស្ថាន

សំរាម​ឬ​របស់​មាន​តំលៃ ការ​កែច្នៃ​យក​មក​ប្រើប្រាស់​ឡើង​វិញ នៅ​ភ្នំពេញ

         ក្នុង​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ  ក្រុម​បរិស្ថាន​របស់​ស្ថានទូត (Green Team) បាន​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ៗ​ទាំងអស់ រាប់​ពី​ផល​ប៉ះពាល់​នៃ​ដប​ជ័រ​ដាក់​ទឹក​ដែល​គេ​ប្រើ​ហើយ​បោះ​ចោល​ដល់​សារៈសំខាន់​នៃ​ការ​សន្សំសំចៃ​ទឹក និង​ការ​ចោល​កាកសំណល់​តាម​គ្រួសារ​បាន​សមស្រប​។

         ខ្លឹមសារ​រួម​មួយ​នៅ​ក្នុង​អត្ថបទ​ជា​ច្រើន​របស់​យើង​គឺ​សារៈសំខាន់​នៃ​ការ​កែច្នៃ​យក​មក​ប្រើ​ឡើង​វិញ​។ ការ​នេះ​នាំអោយ​លោក អ្នក ដែល​ជា​អ្នក​អាន​ដ៏​វៃឆ្លាត​របស់​យើង​ចោទ​ជា​សំណួរ​រួម​មួយ​ថា “មិន​អី​ទេ ការ​កែច្នៃ​យក​មក​ប្រើប្រាស់​ឡើង​វិញ​មាន​សារៈសំខាន់ តែ​តើ​គេ​កែច្នៃ​យក​មក​ប្រើ​ឡើង​វិញ​ដោយ​របៀប​ណា នៅ​ភ្នំពេញ?”។

         ដំណឹង​ល្អ​គឺថា មាន​ជំរើស​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ រាប់​ពី​ការ​ជ្រើសរើស​សំរាម​នៅ​ផ្ទះ​។ អ្នក​រស់នៅ​ជិត​ខាង​របស់​អ្នក​ប្រហែល​ដឹង​ថា ពេល​ណា​អ្នក​រើស​អេតចាយ ឬ​អ្នក​រើស​សំរាម​មក​។ អ្នក​រើស​អេតចាយ​ដើរ​គ្រប់​កន្លែង នៅ​ភ្នំពេញ ដោយ​រើស​យក​អ្វី​ដែល​អាច​យក​ទៅ​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​បាន ឬ​ទិញ​ដោយ​ផ្ទាល់​ពី​អ្នក​ស្រុក ហើយ​យក​ទៅ​លក់​អោយ​កន្លែង​កែច្នៃ​ឡើង​វិញ ដើម្បី​បាន​ចំណេញ​ខ្លះ​។ បើ​អ្នក​រើស​ដាក់​ដោយ​ឡែក​ពី​គ្នា​នូវ​របស់​អាច​កែច្នៃ​សំរាប់​ប្រើប្រាស់​ឡើង​វិញ​បាន មុន​ពេល​អ្នក​ដើរ​រក​អេតចាយ​មក​ដល់ នោះ​អ្នក​ធ្វើអោយ​ពួកគេ​ចំណេញ​ពេល ដោយ​មិន​បាច់​អោយ​គេ​រើ​កកាយ​សំរាម​របស់​អ្នក​! តាម​ធម្មតា គេ​រើស​យក​កំប៉ុង​អាលុយមីញូម តែ​សូម​សួរ​នាំ​អ្នក​ក្បែរ​ខាង​របស់​អ្នក​អំពី​អ្នក​ដើរ​ប្រមូល​សំរាម ដែល​មក​ផ្ទះ​របស់​អ្នក​។

         ខាង​ក្រោម​នេះ​គឺជា​ព័ត៌មាន​ល្អ​ៗ ដែល​អ្នក​ក្រុង​ភ្នំពេញ​ប្រើ​៖

  • អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ មាន​ដូច​ជា​អង្គការ​មិត្ត​សំលាញ់​ជាដើម យក​របស់​ធ្វើ​ពី​ក្រដាស​ទៅ​កែច្នៃ​ជា​សំភារៈ​ដែល​គេ​អាច​លក់​បាន ។ ការ​ធ្វើ​ដូច្នេះ ក្រៅ​ពី​ជួយ​ដល់​បរិស្ថាន ផ្តល់​ប្រយោជន៍​ដល់​សហគមន៍​ដែល​ត្រូវការ​មុខរបរ​ចិញ្ចឹម​ជីវិត​។
  • ក្រុម​អ្នក​រកស៊ី ដែល​មាន​ឈ្មោះ​ថាស្មាតារីយា មាន​គេហទំព័រ​និង​លេខ​ទូរស័ព្ទ ០២៣​ ២១១ ៧០១ ទទួល​យក​ថង់​កៅស៊ូ ប្រអប់​ក្រដាស​កាតុង ប្រអប់​ទឹក​ដោះ​គោ​និង​ទឹក​ផ្លែឈើ និង​បំពង់​ជ័រ​បឺត​។
  • ក្រុមហ៊ុន​មាន​ឈ្មោះ​ថាផ្រាមតិច (Prime Tech) ដែល​មាន​អាស័យដ្ឋាន នៅ​អាគារ​លេខ ១០ អា ផ្លូវ ៣២៤ ខ័ណ្ឌ​ទួលគោក លេខ​ទូរស័ព្ទ ០១២ ៩៧៥ ៨០០ ឬ ០១១ ៩៧៥ ៨០០ ប្រមូល​យកកំប៉ុង​ទឹក​ថ្នាំ​របស់​ម៉ាស៊ីន​បោះពុម្ភ ហើយ​លក់កំប៉ុង ដែល​ត្រូវ​បាន​កែច្នៃ​យក​មក​ប្រើ​វិញ​។
  • ហាង​កុំព្យូទ័រ​អាណាណា នៅ​មជ្ឈមណ្ឌល​ភ្នំពេញ មាន​ទទួល​យក​ថ្ម​ពិល​ទៅ​កែច្នៃ​សំរាប់​ប្រើ​ឡើង​វិញ​។
  • មជ្ឈមណ្ឌល​វះកាត់​កុមារ ទទួល​យក​វែនតា​អាន​អក្សរ និង​វែនតា​ផ្សេង​ទៀត​។
  • អង្គការ​នានា ដូចជា​អង្គការ​លីកាដូ (០២៣ ៣៦០ ៩៦៥) និង​អង្គការ​មិត្ត​សំឡាញ់ ទទួល​យក​ខោ​អាវ គ្រឿង​ប្រដាប់​ប្រើប្រាស់​អេឡិចត្រូនិច និង​របស់​ផ្សេង​ទៀត សំរាប់​ចែក​ដល់​គ្រួសារ​ក្រីក្រ ឬ​សំរាប់​លក់​។

         អង្គការ​ជា​ច្រើន​នៅ​ភ្នំពេញ​ដើរ​ប្រមូល​ដល់​ផ្ទះ ហើយ​នេះ​មិន​មែន​គ្រាន់តែ​ជា​ជំរើស​តែ​មួយ ក្នុង​ក្រុង​ទេ​។

         លើក​ក្រោយ នៅ​ពេល​អ្នក​ដើរ​មើល​តាម​ហាង ក្នុង​ក្រុង ឬ​តូប​ក្នុង​ផ្សា ដែល​មាន​លក់​របស់​ធ្វើ​ពី​សំភារៈ​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ ដូចជា​ផ្កា​នៅ​ផ្សា​ទួលទំពូង ចូរ​សួរ​គេ​ថា​តើ​គេ​បាន​របស់​មក​ពី​ណា​។ ក្រៅពី​ទិញ​របស់​ពី​គេ ហើយ​ជួយ​ដល់​បុព្វហេតុ​របស់​គេ គេ​ប្រហែល​ជា​រក​មើល​អំណោយ​ជា​វត្ថុធាតុ​ដើម ពី​មនុស្ស​ដូចជា​អ្នក ជាដើម​! នៅ​ភ្នំពេញ ឬ​នៅ​ជុំវិញ​ពិភពលោក គេ​មាន​វិធី​ច្រើន​យ៉ាង​ក្នុង​ការ​ជួយ​កាត់​បន្ថយ​បរិមាណ​កាកសំណល់​នៅ​តាម​ផ្ទះ​។ វិធី​ម្យ៉ាង​ក្នុង​ការ​ធ្វើ​ដូច្នេះ​គឺ​រើស​ទុក​របស់​ដែល​អាច​យក​ទៅ​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​បាន មុន​ពេល​ចោល​សំរាម​។ នេះ​គឺជា​ជំហាន​ងាយស្រួល​មួយ​សំរាប់​យើង ក្នុង​ការ​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស​ផែនដី ហើយ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​។ ក្រុម​បរិស្ថាន​របស់​ស្ថានទូត​នឹង​ចេះ​តែ​ពង្រីក​បញ្ជី​នៃ​ជំរើស​ក្នុង​ការ​កែច្នៃ​របស់​ប្រើ​ហើយ យក​មក​ប្រើ​ឡើង​វិញ នៅ​ក្រុង​ភ្នំពេញ​។