ទិដ្ឋាការមិនមែនអន្ដោប្រវេសន៍
ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (ជាទូទៅគេស្គាល់ថាជាទិដ្ឋាការទេសចរ ឬទិដ្ឋាការសំរាប់ទៅលេង) គឺជាទិដ្ឋាការសំរាប់បេក្ខជនទាំងឡាយណាដែលប្រទេសរបស់គេមិនស្ថិតនៅក្នុងបណ្តាប្រទេសទទួលបានការលើកលែងទិដ្ឋាការសហរដ្ឋអាមេរិក ហើយដែលមានបំណងធ្វើដំណើរទៅស្នាក់នៅសហរដ្ឋអាមេរិកជាលក្ខណ:បណ្តោះអាសន្នសំរាប់ការងារមុខជំនួញ ទេសចរណ៍ ឬទៅសិក្សា។ ទិដ្ឋាការមិនមែនអន្តោប្រវេសន៍នេះ គឺសំរាប់តែការទៅស្នាក់នៅអាមេរិកបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយលោកអ្នកមិនអាចប្រើទិដ្ឋាការប្រភេទនេះចូលទៅសហរដ្ឋអាមេរិកដើម្បីបន្តការស្នាក់នៅរយៈពេលយូរ ឬអចិន្រ្តៃយ៍នោះបានទេ។
សូមអានពត៌មានអំពីរបៀបដាក់ពាក្យសុំទិដ្ឋាការនៅទីនេះ។
លោកអ្នកគួរតែដាក់ពាក្យសុំទិដ្ឋាការយ៉ាងយឺតបំផុត៤-៥សប្តាហ៍មុនថ្ងៃដែលលោកអ្នកត្រូវធ្វើដំណើរ។ រយៈពេលរង់ចាំ ថ្ងៃសំភាសន៍ និងរយៈពេលពិនិត្យសំរេចចំពោះពាក្យសុំទិដ្ឋាការមានការប្រែប្រួលជាពិសេសក្នុងអំឡុងរដូវកាលធ្វើដំណើរច្រើន។ សូមចងចាំថាទិដ្ឋាការមិនមែនអន្តោប្រវេសន៍សំរាប់ពលរដ្ឋកម្ពុជា ជាទូទៅមានសុពលភាពបីខែគិតចាប់ពីថ្ងៃចេញទិដ្ឋាការ ដូច្នេះ ហើយលោកអ្នកគួរដាក់ពាក្យសុំទិដ្ឋាការក្នុងកំឡុងរយៈពេលបីខែនេះដើម្បីជៀសវាងកុំអោយទិដ្ឋាការអស់សុពលភាពមុនថ្ងៃធ្វើដំណើរ។