Skip Global Navigation to Main Content
Skip Breadcrumb Navigation
សុន្ទរកថា ក្នុងឆ្នាំ២០១២

សុន្ទរថា​របស់​លោក Flynn Fuller នាយក​ទីភ្នាក់ងារ USAID នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា លើ​អនុស្សារណៈ​នៃ​ការ​យោគយល់​ជាមួយ លេខាធិការដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​គណកម្មាធិការ​ជាតិ និង អង្គការ Winrock International

ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១២

        លោក​ជំទាវ ជូ ប៊ុនអេង
        លោកស្រី Sara Piazzano ប្រធាន និង​អនុប្រធាន​ក្រុម​ការងារ
        ភ្ញៀវ​កិត្តិយស អស់​លោក លោកស្រី​ជាទី​មេត្រី

        ការ​ធ្វើ​ជា​សាក្សី​ក្នុង​ឱកាស ដ៏​មាន​សារៈសំខាន់​នេះ​ធ្វើ​អោយ​ខ្ញុំ​មោទនភាព​យ៉ាង​ធំ​ធេង​ចំពោះ​។ យើង​ទាំងអស់​ប្តេជ្ញា​សារ​ជា​ថ្មី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ ថ្ងៃ​នេះ យើង​ប្រកាន់​ជំហរ​ដ៏​សំខាន់​មួយ​។ វា​គឺជា​ជំហរ​ប្រឆាំង​នឹង​អំពើ​កេង​ប្រវ័ញ្ច​។ នេះ​គឺជា​ជំហរ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ ប៉ុន្តែ​សំខាន់​បំផុត​នោះ គឺ​វា​ជា​ជំហរ​មួយ​ដើម្បី​យុវជន​កម្ពុជា​។

        អំពើ​ជួញដូរ​មនុស្ស គឺជា​បញ្ហា​មួយ​ដែល​ប៉ះពាល់ ដល់​មនុស្ស​គ្រប់​រូប មិន​ថា​តែ​ជន​រងគ្រោះ​​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​មិត្តភ័ក្រ្ត សហគមន៍ និង​សង្គម​ទាំងមូល​របស់​គេ​ផង​ដែរ​។ នេះ​ហើយ​ជា​ហេតុ​ដែល​ធ្វើ​អោយ​ខ្ញុំ​សប្បាយ​រីករាយ ដោយ​ឃើញ​ឆន្ទៈ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​លោក​ជំទាវ ជូរ ប៊ុនអេង ចំពោះ​បញ្ហា​ដ៏​មាន​សារៈសំខាន់​នេះ​។ ខ្ញុំ​មាន​កិត្តិយស​បាន​ធ្វើ​ដំណើរ​រួមជាមួយ​លោក​ជំទាវ ទៅ​ក្រុង​បោយប៉ែត ដែល​នៅ​ទីនោះ យើង​ទាំងអស់​គ្នា​បាន​ឃើញ ដោយ​ផ្ទាល់​នឹង​ភ្នែក​នូវ​ផល​ប៉ះពាល់ យ៉ាង​ធំ​នៃ​អំពើ​ជួញដូរ​មនុស្ស​។

         ក្នុង​រយៈពេល​៣​ឆ្នាំ​នៅ​កម្ពុជា ខ្ញុំ​មាន​មោទនាភាព ដោយ​បាន​កត់សំគាល់​ឃើញ​ថា 
កិច្ច​សហការ​របស់​យើង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​មាន​ភាព​កាន់តែ​រឹងមាំ​ជា​លំដាប់​។

        បញ្ហា​នេះ​គឺជា​កង្វល់​ដ៏​ចម្បង របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី អូបាមា បាន​មាន​ប្រសាសន៍ ក្នុង​ឱកាស ដែល​លោក​ថ្លែង​ទៅ​កាន់​អង្គការ​មួយ ដែល​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ថា  “​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់​យើង គឺជា​បុព្វហេតុ​សិទ្ធ​មនុស្ស​ដ៏​មាន​សារៈសំខាន់​នៃ​សម័យកាល​របស់​យើង​នេះ ហើយ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ការ​ដឹកនាំ​ការ​ប្រយុទ្ធ​នេះ ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អ្នក​ទាំងអស់​គ្នា​” ។

        ខណៈពេល​ដែល​ឆន្ទៈ​របស់​លោក​ជំទាវ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​បាន​ឃើញ​ការ​ចូលរួម យ៉ាង​ខ្លាំងក្លា​ដូច​គ្នា​នេះ​ពី​សំណាក់​មន្រ្តី​ជាន់​ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។

        ឱកាស​​នេះ​មិន​មែន​ជា​ចំណុច “​ចាប់ផ្តើម​”​ទេ ។ វា​គឺ​ជា “​ការ​បន្ត​”​។ អនុស្សារណៈ​នៃ​ការ​យោគយល់​នេះ មិន​កំហិត​ព្រំដែន​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ទេ​។ វា​គឺជា​មូលដ្ឋាន​នៃ​កិច្ច​សហការ ដ៏​ធំធេង​របស់​យើង​។ អ្នក​ទាំងអស់​គ្នា​ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការ​​ជួញដូរ​មនុស្ស សូម​មាន​ភាព​ក្លាហាន​ឡើង​។ យើង​នៅ​ពី​ក្រោយ​អ្នក​។  យើង​នឹង​ទទួល​ជ័យជំនះ​ក្នុង​ការ​ប្រយុទ្ធ​នេះ​ទាំងអស់​គ្នា​។ សូម​អរគុណ​!