Skip Global Navigation to Main Content
Skip Breadcrumb Navigation
សុន្ទរកថា ក្នុងឆ្នាំ២០១២

សុន្ទរកថា​របស់​មន្រ្តី​កិច្ចការ​សាធារណៈ លោក​ Sean McIntosh ស្តីពី​ការ​កសាង​សមត្ថភាព​ដៃគូ ក្នុង​លំហាត់​ផ្លាស់ប្តូរ​ខ្លឹមសារ​ប្រធានបទ​ជំនាញ​លើក​ទី​៣

សណ្ឋាគារ Rafles Hotel Le Roya | ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១២

         សូម​ជំរាបសួ​លោក​ឧត្តមសេនីយ តាត ចាន់ថា ឯកឧត្តម លោក​ជំទាវ ភ្ញៀវ​កិត្តិយស និង​សមាជិក​កង​រាជ​អាវុធ​ហត្ថ​កម្ពុជា ។

         ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ស្វាគមន៍​ឯកឧត្តម លោក​ជំទាវ អស់​លោក លោកស្រី​ក្នុង​លំហាត់​ផ្លាស់ប្តូរ​ខ្លឹមសារ​ប្រធានបទ​ជំនាញ​លើក​ទី​៣ នេះ​។ លំហាត់​នេះ​មាន​បំណង​លើក​កំពស់​សមត្ថភាព របស់​កង​រាជ​អាវុធហត្ថ​ក្នុង​ការ​វាយតំលៃ និង​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ និង​វិបត្តិ ដែល​អាច​កើត​ឡើង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។

        ក្នុង​រយៈពេល ២ សប្តាហ៍​បន្ទាប់​នេះ យោធា​របស់​យើង​ទាំង​ពីរ​នឹង​ធ្វើការ​ចែក​រំលែក​មតិ​យោបល់ ការ​ប្រតិបត្តិ​ល្អ និង​មេរៀន ដែល​បាន​ដកស្រង់​ចេញ​ពី​បទពិសោធន៍​ជា​ច្រើន​។ តែ​ជំនាញ និង​បច្ចេកទេស ដែល​នឹង​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​លំហាត់​ផ្លាស់ប្តូរ​នេះ​មិន​មែន​សំរាប់​តែ​ពេល​មាន​គ្រោះមហន្តរាយ​តែ​ប៉ុណ្ណោះ​ទេ គឺ​កង​រាជ​អាវុធហត្ថ​អាច​ប្រើ​វា​ពេញ​មួយ​ឆ្នាំ​ៗ​។ យើង​នឹង​ធ្វើការ និង​គ្រោង​ផែនការ​ជាមួយ​គ្នា​ដើម្បី​សំរេច​គោលដៅ​រួម ពោល​គឺ​ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់ របស់​ប្រជាជន និង​កែ​លំអ​សុខមាលភាព របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប​។

        កេរ្តិ៍ដំណែល​របស់​កង​រាជអាវុធហត្ថ​ក្នុង​នាម​ជា​កំលាំង​នគរបាល​យោធា​ប្រដាប់​អាវុធ​នៅ​តែ​ជា​ផ្នែក​សំខាន់​ចាំបាច់​មួយ ក្នុង​ការ​ពង្រឹង​សន្តិសុខ​ជាតិ​របស់​លោក​អ្នក​។ មិន​ថា​មហន្តរាយ ឬ​វិបត្តិ​អ្វី​ក៏​ដោយ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​អាច​នឹង​ប្រឈម​នៅ​ពេល​អនាគត កង​រាជអាវុធហត្ថ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើការ​ឆ្លើយ​តប ការពារ និង​បំរើ​។ យើង​មាន​កិត្តិយស​ដោយ​បាន​រៀនសូត្រ និង​លើក​កំពស់​ខ្លួន​ជាមួយ​លោក​អ្នក ជា​ដៃគូ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ស៊ីវិល និង​យោធា និង​ក្នុង​មិត្តភាព​។

        ខ្ញុំ​សូម​អរគុណ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ផ្តល់​ការ​គាំទ្រ លោក​ឧត្តមសេនីយ សៅ សុខា និង​លោក​ឧត្តមសេនីយ តាត ចាន់ថា ចំពោះ​ការ​ប្តូរផ្តាច់​ក្នុង​ការ​ពង្រឹង​សមត្ថភាព នៃ​កង​កំលាំង​របស់​លោក​។ ជោគជ័យ​របស់​លោក​អ្នក​បន្ត​បង្ហាញ​អោយ​ឃើញ​ច្បាស់​នូវ​ការ​ប្តេជ្ញាចិត្ត របស់​លោក​អ្នក​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​។ សូម​អរគុណ​។