Skip Global Navigation to Main Content
Skip Breadcrumb Navigation
2012 Speeches

សុន្ទរកថា​របស់​លោក​មន្រ្តី​សេដ្ឋកិច្ច David Myers នៅ​ក្នុង​ពិធី​បើក​កន្លែង​លក់​ថ្មី របស់​ក្រុមហ៊ុន​រថយន្ត Ford

ភ្នំពេញ | ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)

          សូម​ជំរាបសួ ឯកឧត្តម ម៉ៅ ធូរ៉ា លោកស្រី Elena Ford ឯកឧត្តម លោកជំទាវ ភ្ញៀវ​កិត្តិយស អស់លោក លោកស្រី​។ ខ្ញុំ​មាន​សេចក្តី​រីករាយ ដោយ​មាន​វត្តមាន នៅ​ព្រឹក​នេះ ដើម្បី​អបអរ​ទីតាំង​លក់​ថ្មី​របស់​ក្រុមហ៊ុន​រថយន្ត Ford ។

          Ford គឺជា​ម៉ាក​ដ៏​ពេញនិយម​របស់​អាមេរិក ហើយ​ជា​និមិត្តរូប​នៃ​គុណភាព ការ​បញ្ចូល​គំនិត​ច្នៃ​ប្រឌិត​ថ្មី និង​ភាព​ស្វិតស្វាញ​។ ដោយ​ទុក​រឿង​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​ឡែក​សិន ពាក្យ​នេះ​មាន​ន័យ​ច្រើន ដែល​បញ្ជាក់​ពី​ភាព​ធន់​បាន​យូរ​របស់​រថយន្ត​ម៉ាក Ford​។ រថយន្ត Ford អាច​ទ្រាំ​បាន​នឹង​ស្ថានភាព​ផ្លូវ​ពិបាក​។ នេះ​គឺជា​ប្រយោជន៍​មួយ​នៅ​តាម​ផ្លូវ​ខ្លះ ក្រៅ​ក្រុង​ភ្នំពេញ​។ វា​គឺជា​បាវចនា​សមស្រប​ចំពោះ​ក្រុមហ៊ុន​រថយន្ត ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Henry Ford ដែល​បាន​និយាយ​ថា “​គុណភាព​មាន​ន័យ​ថា ធ្វើ​ត្រឹមត្រូវ នៅ​ពេល​គ្មាន​នរណា​ម្នាក់​មើល​”​។

         នៅ​ដើម​ទសវត្ស​ឆ្នាំ ១៩០០ លោក Henry Ford ដែល​ជា​ស្ថាបនិក របស់​ក្រុមហ៊ុន មាន​បំណង​ធ្វើ​អោយ​មនុស្ស​ប្រុស ស្រី​សាមញ្ញ​អាច​មាន​លទ្ធភាព​ទិញ​រថយន្ត​បាន​។ ការ​ខិតខំ​ដំបូង​ៗ​របស់​លោក​មិន​ទទួល​បាន​ជោគជ័យ​ទេ តែ​លោក​នៅ​តែ​មិន​បោះបង់​ការ​ខិតខំ​ទាំង​នោះ​ទេ ដោយ​លោក​បាន​បែរ​ទៅ​រក​ការងារ​ដំបូង​ៗ​វិញ​ជា​ច្រើន​លើក ហើយ​នៅ​ទីបំផុត​បាន​ផ្តើម​ផលិត​រថយន្ត​ម៉ាក Model T នៅ​ឆ្នាំ​១៩០៨​។ រថយន្ត​គួរអោយ​ចាប់​អារម្មណ៍​នេះ​ងាយ​បើក មាន​គុណភាព​ខ្ពស់ ងាយ​ជួសជុល ហើយ​មាន​តំលៃ​ថោក​។ ជនជាតិ​អាមេរិក​ដែល​ស្ថិត​ក្នុង​វណ្ណៈ​កណ្តាល​មាន​លទ្ធភាព​ទិញ​រថយន្ត​នេះ​បាន ហើយ​ការ​ខិតខំ​របស់​លោក ជា​ញឹកញាប់​ត្រូវ​បាន​គេ​លើក​ឡើង​ថា ជា​កំលាំង​ជំរុញ​មួយ​នៅ​ពី​ក្រោយ​ការ​បង្កើត​វណ្ណៈ​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក​។ បច្ចុប្បន្ន​នេះ សេចក្តី​ថ្លែង​ស្តីពី​បេសកកម្ម​របស់​ក្រុមហ៊ុន​នៅ​តែ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​អតិថិជន គំនិត​ច្នៃ​ប្រឌិត ភាព​វាងវៃ និង​ស្មារតី​សហគ្រិន​ដដែល​។ វា​ជា​ការ​ត្រឹមត្រូវ​ណាស់​ដែល​យើង​អបអរ​ការ​បើក​ទីតាំង​លក់​ថ្មី​របស់​ក្រុមហ៊ុន​មួយ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ក្នុង “​សប្តាហ៍​ទេព្យកោសល្យ​សហគ្រាស​”​។

        ក្នុង​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Ford បាន​ចាប់ផ្តើម​ដំឡើង​រថយន្ត​ម៉ាក Ford Everest នៅ​ប្រទេស​កម្ពុជា ដោយ​ផ្តល់​ការ​សន្សំ​ប្រាក់​បន្ថែម ដល់​អ្នក​ប្រើប្រាស់​រថយន្ត​នេះ​។ ដោយ​យល់​ឃើញ​ថា តំលៃ​រថយន្ត​ប្រភេទ SUV មួយ​មាន​តំលៃ​គិត​ជា​មធ្យម​ចំនួន ១០០ ០០០ ដុល្លា​អាមេរិក ដែល​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​គ្មាន​លទ្ធភាព​ទិញ​បាន ក្រុមហ៊ុន Ford បាន​ផ្តើម​ដំណោះស្រាយ​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​មួយ ដែល​ជួយ​ឧស្សាហកម្ម​ថ្មី​ផង ផ្តល់​រថយន្ត​ប្រើប្រាស់​ថ្មី​ប្រកប​ដោយ​គុណភាព ក្នុង​តំលៃ​សមរម្យ​ផង​។

        ខ្ញុំ​សូម​ជំរាប​ថា នៅ​ពេល​ខ្ញុំ​និយាយ​ពី​គុណភាព​ប្រសើរ​ជា​ច្រើន​របស់​រថយន្ត Ford ការ​និយាយ​នេះ​គឺ​ចេញ​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​។ រថយន្ត​ដែល​ខ្ញុំ​បើក​ដំបូង​គឺ​រថយន្ត​ម៉ាក Ford Probe ដែល​មាន​តំលៃ​ថោក រូបរាង​ល្អ ហើយ​មិន​ដែល​ខូច​។ ក្នុង​រយៈពេល​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ​ចំនួន ១០ ឆ្នាំ ខ្ញុំ​គ្រាន់តែ​ត្រូវ​ប្តូរ​អាគុយ និង​ប្រេង​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ​។ នៅ​រដ្ឋ​អាយូវ៉ា ដែល​មាន​រដូវ​រងា​វែង ហើយ​ត្រជាក់​ខ្លាំង រថយន្ត​ដែល​យើង​មាន​ទំនុក​ចិត្ត​ទៅ​លើ​គឺ​មាន​សារៈសំខាន់​ណាស់​។ ដូច្នេះ នៅ​ពេល​ខ្ញុំ​លឺ​ពាក្យ​ថា “​រថយន្ត Ford មាំ​” ខ្ញុំ​មិន​គ្រាន់តែ​លឺ​ពាក្យ​ផ្សាយ​ពាណិជ្ជកម្ម​តែ​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​នឹក​ដល់​ពេល​ជា​ច្រើន​ដែល​ខ្ញុំ​បាន​អង្គុយ​ក្នុង​ពេល​ព្រឹក​ដ៏​ត្រជាក់​ហើយ​ងងឹត ដោយ​មាន​ទឹកកក​គ្រប​លើ​បង្អួច​ទាំងអស់ ជាមួយ​សោរ​កំពុង​ប៉ះ​គ្នា​លាន់​លឺ​រ៉ឺង​ៗ​នៅ​ក្នុង​ដៃ ដែល​កំពុង​ញ័រ និង​ការ​បន់ស្រន់​ថា ឡាន​នឹង​ឆេះ ហើយ​នាំ​ខ្ញុំ​ទៅ​ដល់​ផ្ទះ​អោយ​ជួបជុំ​គ្រួសារ ទាន់​ពេល​នៅ​ថ្ងៃ​បុណ្យ​ណូអែល​។ លោក​អ្នក​ដឹង​ទេ​ថា ឡាន​ឆេះ ហើយ​នាំ​ខ្ញុំ​ដល់​ផ្ទះ​ជានិច្ច​។

         នៅ​ទី​បញ្ចប់ ខ្ញុំ​សូម​និយាយ​ថា ខ្ញុំ​សង្ឃឹម​ថា ចក្ខុវិស័យ ចិត្ត​លុះ និង​ភាព​ក្លាហាន​របស់​ក្រុមហ៊ុន​រថយន្ត Ford ក្នុង​ការ​មក​រក​ស៊ី​នៅ​ប្រទេស​កម្ពុជា នឹង​បំផុស​អោយ​ក្រុមហ៊ុន​អាមេរិក​ដទៃ​ទៀត​ធ្វើ​តាម​។ នៅ​ដើម​ឆ្នាំ​នេះ ក្រុមហ៊ុន​រថយន្ត Ford បាន​ផ្តើម​ពាក្យ​ស្លោក​ថ្មី​មួយ ដែល​មាន​ន័យ​ថា “​ទៅ​មុខ​ឆ្ងាយ​” ជាង​អ្នក​ដទៃ​ជា​ច្រើន​។  សូម​អបអរសាទរ ហើយ​សូម​អោយ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​បន្ត​ទៀត​។ សូម​អរគុណ​ឡាន Ford ដែល​តែងតែ​នាំ​ខ្ញុំ​ទៅ​ដល់​ផ្ទះ​នៅ​ថ្ងៃ​បុណ្យ​ណូអែល​។ សូម​អរគុណ​។