Skip Global Navigation to Main Content
Skip Breadcrumb Navigation
សុន្ទរកថា ក្នុងឆ្នាំ២០១២

សុន្ទរកថា​របស់​លោក​ឧត្តមនាវី​ទោ Carney មេ​បញ្ជាការ​កង​កំលាំង​ពិសេស​លេខ ៧៣ ក្នុង​ពិធី​បិទ​លំហាត់​សមយុទ្ធ CARAT នៅ​កម្ពុជា

ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១២

         អរុណ​សួស្ដី​។ មុន​នឹង​យើង​ចាប់ផ្ដើម​កម្មវិធី  សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចូលរួម​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ចូល​ទិវង្គត នៃ​ព្រះបាទ​សម្ដេច នរោត្តម​សីហនុ   ព្រះ​បិតា​ជាតិ​នៃ​កម្ពុជា ហើយ​សូម​ចូលរួម​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​ជា​ទី​បំផុត​ជាមួយ​ព្រះបាទ​សម្ដេច នរោត្តម​សីហមុនី  ព្រះ​រាជ​អគ្គមហេសី នរោត្ដម មុនីនាថ   ព្រះ​រាជវង្សានុវង្ស​ទាំង​មូល  និង​ប្រជាជន​កម្ពុជា​ទាំងអស់ ចំពោះ​ការ​បាត់បង់​ដ៏​ធំ​ធេង​នេះ​។

        ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ឧត្តមនាវី​ទោ រស់ វាសនា និង​បុគ្គលិក​ទាំងអស់​របស់​លោក​ដែល​តែង​បង្ហាញ​នូវ​បដិសណ្ឋារកិច្ច​ដ៏​កក់​ក្ដៅ​និង​ស្វាគមន៍​យើង​ខ្ញុំ​ក្នុង​ការ​វិល​ត្រឡប់​មក​ខេត្ត​ព្រះសីហនុ​ជា​ថ្មី​ម្ដង​ទៀត សម្រាប់​លំហាត់​ការាត់​នៅ​កម្ពុជា ជា​លើក​ទី​បី​នេះ​។

       ពីរ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស  គិត​ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ដំបូង​នៃ​ការាត់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១០ ដែល​ជា​ព្រឹត្តិការណ៍​លំហាត់​ហ្វឹកហ្វឺន របស់​កងទ័ព​ជើងទឹក​រវាង​សហរដ្ឋ​អាមេរិក​និង​ព្រះរាជាណាចក្រ​កម្ពុជា​។ ចាប់​តាំង​ពី​ពេល​នោះ​មក  កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​យើង​ទាំង​ពីរ​បាន​បន្ត​ធ្វើ​ឲ្យ​លំហាត់​ការាត់​នេះ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ជា​លំដាប់ ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​។  ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ព្រឹត្តិការណ៍​នៃ​លំហាត់​ការាត់ ឆ្នាំ​២០១២ ទាំង​លើ​គោក និង​លើ​ផ្ទៃ​ទឹក ដែល​បាន​ត្រៀម​រៀបចំ​យ៉ាង​ល្អ​ជា​មុន​នេះ  នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​វឌ្ឍនភាព​ដែល​កើន​ឡើង​ជា​លំដាប់​របស់​យើង​។

         ក្នុង​ពេល​យើង​កំពុង​តែ​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ​នេះ  ការ​ហ្វឹកហាត់​រវាង​កងទ័ព​ជើង​ទឹក​យើង​ទាំង​ពីរ​បាន​ចាប់ផ្ដើម​តាំង​ពី​ពីរ​សប្ដាហ៍​មុន​មក​ម្លេះ​។  នាវា​របស់​សហរដ្ឋ​អាមេរិក​ចំនួន​ពីរ​គ្រឿង ដែល​មាន​ឈ្មោះ​ថា USNS Safeguard និង USNS Salvor  ទើប​តែ​បាន​បញ្ចប់​ការ​ហ្វឹកហាត់​វិធី​មុជ​ចុះ​ក្នុង​ទឹក​និង​ការ​ថែទាំ​ឧបករណ៍​។ កងទ័ព​ម៉ារីន​របស់​សហរដ្ឋ​អាមេរិក ក៏​បាន​ហ្វឹកហាត់​ជំនាញ​និង​នីតិវិធី​ការពារ​ប្រឆាំង​នឹង​ភេរវកម្ម ជាមួយ​កង​រាជអាវុធហត្ថ​ផង​ដែរ​។

         លំហាត់​ការាត់​គឺជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​ការពារ​ជាតិ​ដ៏​ទូលំទូលាយ​រវាង​សហរដ្ឋ​អាមេរិក​និង​ព្រះរាជាណាចក្រ​កម្ពុជា​។ នាវា​របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក តែង​ចូល​មក​ទស្សនកិច្ច​នៅ​ទីនេះ​ជា​ប្រចាំ​។ នាវា USS Blue Ridge នៃ​កង​នាវា​ទី​៧ របស់​សហរដ្ឋ​អាមេរិក បាន​មក​ខេត្ត​ព្រះសីហនុ​កាលពី​ខែ​មេសា​។  ព្រឹត្តិការណ៍​ចុង​ក្រោយ​បង្អស់​ដែល​ទើប​បញ្ចប់​ទៅ​នេះ  គឺ​ជា​កម្មវិធី​នៃ​ភាព​ជា​ដៃគូ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​។ កិច្ច​ប្រជុំ​ពិភាក្សា​ទ្វេរ​ភាគី​ប្រចាំ​ឆ្នាំ ស្ដីពី​ការ​ការពារ​ជាតិ​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ក៏​ទើប​បាន​បញ្ចប់​ទៅ​កាលពី​ខែ​សីហា នៅ​ក្នុង​ទី​ខេត្ត​សៀមរាប ផង​ដែរ​។

        ក្នុង​រយៈពេល ៥ ថ្ងៃ​ខាង​មុខ​នេះ សិក្ខាកាម​មក​ពី​សហរដ្ឋ​អាមេរិក​និង​កម្ពុជា សរុប​ចំនួន​ប្រហែល ៨០០ នាក់ នឹង​ចូលរួម​ធ្វើ​លំហាត់​ជា​បន្តបន្ទាប់​ទាំង​នៅ​លើ​គោក​ផង និង​លើ​ផ្ទៃ​ទឹក​ផង​។  រាល់​ព្រឹត្តិការណ៍​ទាំងអស់​នេះ​នឹង​ជួយ​បង្កើន​លទ្ធភាព​អន្តរប្រតិបត្តិការ   លើក​កំពស់​ការ​យល់​ដឹង  និង​កសាង​ទំនុក​ចិត្ត​របស់​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​យើង​ទាំង​ពីរ​។ 

        ពេល​កំពុង​ចូលចត​ក្នុង​ផែ​នេះ  សកម្មភាព​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ជំនាញ  ការ​ប្រជុំ​ពិភាក្សា​ក្រៅ​ផ្លូវការ  នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ឲ្យ​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ​បាន​អនុវត្ត​រួម​គ្នា និង​ពង្រឹង​មិត្តភាព​ជាមួយ​គ្នា​ក្នុង​ពេល​តែ​មួយ​។  មេរៀន​ទ្រឹស្ដី​និង​ការ​អនុវត្ត​ជាក់ស្ដែង​ក្នុង​លំហាត់​នេះ​រួម​មាន​ដូចជា ជំនាញ​កងម៉ារីន  ការ​ឡើង​នាវា ការ​ឆែកឆេរ និង​ការ​រឹប​អូស  ការ​គ្រប់គ្រង​ការ​ខូចខាត និង​ការ​នាំ​ផ្លូវ​នាវា​ជាដើម​។ល។ ក្នុង​ការ​បន្ត​នូវ​ជំនាញ​ការពារ​សន្តិសុខ ដែល​បាន​ចាប់ផ្ដើម​តាំងពី​សប្ដាហ៍​មុន នៅ​ក្នុង​សប្ដាហ៍​នេះ  កងទ័ព​ម៉ារីន​និង​កង​រាជអាវុធហត្ថ នឹង​ពង្រីក​មេរៀន​យ៉ាង​ច្រើន​ថែម​ទៀត បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ​។ 

         ក្នុង​លំហាត់ ៣៥ ម៉ោង​នៅ​លើ​ផ្ទៃ​ទឹក នាវា Vandegrift នឹង​ចាប់ផ្ដើម​ជាមួយ​នឹង​នាវា​ពីរ​គ្រឿង​របស់​កងទ័ព​ជើង​ទឹក​កម្ពុជា ហើយ​សកម្មភាព នៃ​ការ​ហ្វឹកហាត់​មាន​ដូចជា ការ​រៀបចំ​ក្បួន​នាវា  លំហាត់​បាញ់​គ្រាប់​ពិត​លើ​ផ្ទៃ​ទឹក  និង​ជំនាញ​ការពារ​សន្តិសុខ​លំហរ​សមុទ្រ​។  ក្នុង​ចំណោម​ព្រឹត្តិការណ៍​ទាំង​ឡាយ  ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​លើ​ផ្ទៃ​ទឹក​គឺ​លំហាត់​ប្រដេញ ស្វែងរក និង​ឆែកឆេរ​នាវា​សង្ស័យ​ផ្ទុក​សម្ភារ​ខុស​ច្បាប់ ដែល​នេះ​ចាត់ទុក​ថា​ជា​លំហាត់​មួយ​ដ៏​សំខាន់ សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​រួម​ផ្នែក​សន្តិសុខ​នៅ​លើ​លំហ​សមុទ្រ​។

        ព្រឹត្តិការណ៍​សំខាន់​មួយ​ទៀត​គឺ​សកម្មភាព​លើក​កំពស់​ចំណង​មិត្តភាព​និង​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាជន​យើង​ទាំង​ពីរ​តាមរយៈ​គម្រោង​សេវាកម្ម​តាម​សហគមន៍ ដែល​ផ្ដល់​នូវ​កាលានុវត្តភាព​សម្រាប់​ក្រុម​នាវិក​អាមេរិក និង​កម្ពុជា អាច​លេង​កីឡា​ជាមួយ​គ្នា និង​ល្បែង​កំសាន្ត​ជាមួយ​សិស្ស​សាលា​ក្នុង​មូលដ្ឋាន​។ នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ ក្រុម​តន្រ្តី​នៃ​នាវា​កងនាវា​ទី​៧ ដែល​មាន​ឈ្មោះ​ថា ក្រុម​តន្រ្តី Orient Express នឹង​ទៅ​លេង​ល្បែង​កំសាន្ត​ជាមួយ​កុមារ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ  ហើយ​នឹង​ប្រគុំ​តន្រ្តី​នៅ​ក្នុង​ខេត្ត​កំពត  ព្រះរាជាណាចក្រ​កម្ពុជា​។  

        ទិស​ស្លោក​រួម​សម្រាប់​សកម្មភាព​ប្រចាំ​សប្ដាហ៍​នេះ​គឺ​ពាក់ព័ន្ធ នឹង​តួនាទី​ដ៏​សំខាន់​នៃ​អន្តរសកម្មភាព​ផ្ទាល់​ខ្លួន​រវាង​អ្នក​ជំនាញ នៅ​ក្នុង​ជួរ​កងទ័ព​ជើង​ទឹក​របស់​យើង​ទាំង​ពីរ​។ ប្រសិន​បើ​មិន​មាន​តួនាទី​ដ៏​សំខាន់​នេះ​ទេ  លំហាត់​ការាត់​មិន​អាច​មាន​វឌ្ឍនភាព​ប្រកប​ដោយ​អត្ថន័យ​បាន​ឡើយ​។

        ក្នុង​ពេល​យើង​ចាប់ផ្ដើម​លំហាត់ ដែល​បាន​រៀបចំ​ជាមុន​នេះ  ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឲ្យ​មន្រ្តី​និង​នាវិក​ទាំងអស់ ទាំង​ខាង​ភាគី​អាមេរិក​និង​ភាគី​កម្ពុជា ស្វែងរក​ជួប​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​មាន​ឱកាស​ឆាប់​បាន​ស្គាល់​គ្នា​ក្នុង​លក្ខណៈ​ផ្ទាល់​ខ្លួន ហើយ​ប្រែ​ក្លាយ​ទំនាក់ទំនង​នេះ​ទៅ​ជា​ចំណង​មិត្តភាព ដែល​នាំ​មក​នូវ​ផលប្រយោជន៍ សម្រាប់​ជាតិ​យើង​ត​ទៅ​អនាគត​។