Skip Global Navigation to Main Content
Skip Breadcrumb Navigation
សុន្ទរកថា ក្នុងឆ្នាំ២០១២

សុន្ទរកថា​របស់​លោកឯកអគ្គរដ្ឋទូត William E. Todd ក្នុង​ឱកាស​បើក​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា ស្តីពី​ការ​សិក្សា​អប់រំ នៅ​សហរដ្ឋ​អាមេរិក

ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១២ | សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត នៃ​កម្ពុជា

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)

         សួរស្តី ឯកឧត្តម បណ្ឌិត កុល ផេង ក្រុម​សាស្រ្តាចារ្យ និង​និស្សិត

         ខ្ញុំ​មាន​​សេចក្តី​​រីករាយ ដោយ​មាន​វត្តមាន នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​នៃ​កម្ពុជា ក្នុង​ពេល​នេះ​។ ដូច​លោក​អ្នក​ជា​ច្រើន​បាន​ដឹង​ហើយ បំណង​របស់​ខ្ញុំ​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដៃគូ​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ជាមួយ​ប្រទេស​កម្ពុជា​ទាំងមូល គឺ​ជាមួយ​រដ្ឋាភិបាល ស្ថាប័ន​រដ្ឋាភិបាល ហើយ​សំខាន់​បំផុត​នោះ គឺជា​មួយ​ប្រជាជន​កម្ពុជា​។

         វិធី​ជា​គន្លឹះ​មួយ​ដើម្បី​សំរេច​បំណង​នេះ​គឺ​តាមរយៈ​ការ​អប់រំ​។ តាមរយៈ​ការ​អប់រំ​ប្រទេស​កម្ពុជា​អាច​ប្រែ​ក្លាយ​ជា​ប្រទេស​មាន​វិបុលភាព​ល្អ​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ថ្ងៃ​នេះ​មាន​សារៈសំខាន់ ពីព្រោះ​ថ្ងៃ​នេះ យើង​បើក​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ថ្មី​បំផុត សំរាប់​ផ្តល់​ប្រឹក្សា​ស្តីពី​ការ​អប់រំ នៅ​សហរដ្ឋ​អាមេរិក នៅ​ប្រទេស​កម្ពុជា ដែល​ផ្តល់​ដល់​ប្រទេស​កម្ពុជា​នូវ​ឱកាស​ថ្មី​មួយ​។

         កន្លែង​ដែល​ទើប​ជួសជុល​នេះ​គឺ​ជា​សញ្ញា​នៃ​ការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស​អាមេរិក ចំពោះ​ប្រទេស​កម្ពុជា ជា​ពិសេស​យុវជន​។ ដោយសារ​ជាង ៧០​% នៃ​ប្រជាជន​កម្ពុជា​មាន​អាយុ​ក្រោម ៣០ ឆ្នាំ ដែល​សប្បាយ​នឹង​ការ​សិក្សា​អប់រំ ខ្ញុំ​ជឿ​ថា​មជ្ឈមណ្ឌល​នេះ​នឹង​ជួយ​ដល់​ការ​សិក្សា​អប់រំ​របស់​មេ​ដឹកនាំ​ជំនាន់​ក្រោយ​។

         ខ្ញុំ​ជឿ​ថា មជ្ឈមណ្ឌល​នេះ​មិន​ត្រឹមតែ​ផ្តល់​ដល់​យុវជន​កម្ពុជា​នូវ​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការ​ទទួល​បាន​ឱកាស​រៀនសូត្រ​នៅ​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​រួម​ចំណែក ដល់​អនាគត​ភ្លឺ​ស្វាង សំរាប់​ប្រទេស​កម្ពុជា​ផង​ដែរ​។

         គេ​អាច​មក​សួរ​សំណួរ ដោយ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​សំរាប់​ផ្តល់​ប្រឹក្សា​ស្តីពី​ការ​អប់រំ នៅ​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​។ យើង​ផ្តល់​ដល់​និស្សិត​នូវ​ការ​ណែនាំ​ផ្ទាល់​ស្តីពី​វិធី​រក​មើល​សាកលវិទ្យាល័យ និង​ឱកាស​ទទួល​បាន​អាហាររូបករណ៍ ផ្តល់​ព័ត៌មាន​ស្តីពី​កម្មវិធី​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​ជួយ​ក្នុង​ការ​ដាក់​ពាក្យ និង​ការ​សរសេរ​និពន្ធ​សំរាប់​ការ​ចូល​រៀន​នៅ​មហាវិទ្យាល័យ​។

         នៅ​ទី​បញ្ចប់ ខ្ញុំ​សូម​អរគុណ​បណ្ឌិត កុល ផេង និង​បុគ្គលិក​របស់​លោក ដែល​បាន​ធ្វើការ​បាន​យ៉ាង​ល្អ​។ ខ្ញុំ​សូម​អរគុណ​គ្រប់​គ្នា ដែល​មាន​វត្តមាន​ក្នុង​ពិធី​កាត់​ខ្សែ​បូរ​ថ្ងៃ​នេះ​។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អោយ​គ្រប់​គ្នា​ប្រើ​សេវា​ ដែល​ផ្តល់​ដោយ​មជ្ឈមណ្ឌល​នេះ ហើយ​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​។

         សូម​ជូនពរ​ដល់​លោក​អ្នក​ទាំងអស់​គ្នា សូម​ជូនពរ​ដល់​ប្រទេស​កម្ពុជា និង​សូម​ជូនពរ​ដល់​ប្រទេស​អាមេរិក​។ សូម​អរគុណ​។