Skip Global Navigation to Main Content
Skip Breadcrumb Navigation
សុន្ទរកថា ក្នុងឆ្នាំ២០១២

សុន្ទរកថា​របស់​លោក Brad Arsenault មកពី​ការិយាល័យ​សន្តិសុខ​ស្បៀង និង​បរិស្ថាន​របស់​ទីភ្នាក់ងារ​ USAID ប្រចាំ​នៅ​កម្ពុជា ក្នុង​វេទិកា​ស្តីពី​កម្មវិធី WaterSHED៖ ធ្វើ​អោយ​ទៅ​រូច​ នូវ​អ្វី​ដែល​មិន​អាច​ទៅ​រួច

សណ្ឋាគារ​ភ្នំពេញ | ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១២

         ឯកឧត្តម លោក សៅ ជីវ័ន្ត អស់​លោក លោកស្រី

         តាង​នាម​អោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ខ្ញុំ​មាន​សេចក្តី​រីករាយ ដែល​បាន​ចូលរួម ក្នុង​វេទិកា​នេះ ដើម្បី​ពិភាក្សា​ពី​ទឹក និង​អនាម័យ នៅ​តាម​ជនបទ នៃ​ប្រទេស​កម្ពុជា​។ ទីភ្នាក់ងារ USAID មាន​មោទនភាព ដោយ​មាន​ចំណែក​ក្នុង​ការ​រៀបចំ​កម្មវិធី WaterSHED នេះ ក្នុង​រយៈពេល ៤ ឆ្នាំ​កន្លង​ទៅ ដែល​ផ្សា​ភ្ជាប់​គ្នា​នូវ​អាទិភាព​សំខាន់​បំផុត​ពីរ​របស់​យើង គឺ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ តាមរយៈ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​កំណែ​លំអ​សុខភាព​។

         ដៃគូ​របស់​យើង​នៅ​ក្នុង​តំបន់ គឺ​កម្មវិធី WaterSHED និង​ដៃគូ​ក្នុង​ស្រុក របស់​យើង​ក្នុង​ជួរ​ដ្ឋាភិបាល និង​វិស័យ​ឯកជន​បាន​បង្កើត​គំរូ​បែប​ផែន​ថ្មី​មួយ សំរាប់​បំពេញ​សេចក្តី​ត្រូវការ​របស់​អ្នក​ប្រើប្រាស់ នៅ​តាម​ជនបទ ទៅ​លើ​ទឹក និង​អនាម័យ ដែល​ជា​ផលិតផល និង​សេវា​។ ទាំង​នេះ​រួម​មាន​បង្គន់​ក្រៅ​ផ្ទះ ដែល​មាន​តំលៃ​សម​ល្មម ប្រដាប់​ច្រោះ​ទឹក​ធ្វើ​ពី​សេរ៉ាមិក និង​ប្រដាប់​លាង​ដៃ​ដែល​ទើប​បង្កើត​ថ្មី​។

        លោក អន ហេងលី បាន​ធ្វើ​ការ​កត់​សំគាល់​ថា គិត​រហូត​មក​ដល់​ពេល​នេះ មាន​បង្គន់​ក្រៅ​ផ្ទះ​ចំនួន​ជិត ៤០០០០ ត្រូវ​បាន​លក់​ទៅ​អោយ​អ្នក​ប្រើប្រាស់ នៅ​តាម​ខេត្ត​ចំនួន ៦ ដែល​មាន​តំណាង​នៅ​​ស្រាប់​​។ សហគ្រិន​តូច និង​មធ្យម ដែល​បាន​ធ្វើ​អោយ​ការ​នេះ​មាន​ទៅ​បាន​ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល គួរតែ​ទទួល​បាន​ការ​សរសើរ​ពី​យើង​ទាំងអស់​គ្នា​។

        ខ្ញុំ​ដឹង​ថា យើង​នឹង​បាន​លឺ​ពួកគេ​មួយ​ចំនួន នៅ​ថ្ងៃ​នេះ តែ​សហគ្រាស​ផ្នែក​ទឹក និង​អនាម័យ​ចំនួន​ជិត ២០០ ដែល​ដំណើរការ​នៅ​ទូទាំង​ខេត្ត​ទាំង​នេះ រាប់​ពី​ខេត្ត​បាត់ដំបង ដល់​ខេត្ត​តាកែវ ពិត​ជា​បង្ហាញ​យើង​ពី​វិធី “​ធ្វើ​អោយ​ទៅ​រូច​នូវ​អ្វី​ដែល​មិន​អាច​ទៅ​រួច​” ការ​ខិតខំ​របស់​គេ និង​ឆន្ទៈ​របស់​គេ​ក្នុង​ការ​ប្រថុយ​។

        ខ្ញុំ​សូម​ថ្លែង​ការ​កោត​សរសើរ​ផង​ដែរ ដល់​តួនាទី​ដ៏​សំខាន់​របស់​ក្រសូង​អភិវឌ្ឍន៍​ជនបទ មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​រួម​ទាំង​ក្រុម​ប្រឹក្សា​ឃុំ ក្នុង​ការ​ធ្វើ​អោយ​យុទ្ធសាស្រ្ត​នេះ​មាន​និរន្តភាព និង​ជោគជ័យ​។

        ទីភ្នាក់ងារ USAID និង​ដៃគូ​អនុវត្ត​ការងារ របស់​យើង​ដឹង​ថា នៅ​តាម​តំបន់​ដែល​មាន​ការ​ដឹកនាំ​រឹងមាំ​លើ​ផ្នែក​អនាម័យ របស់​មេ​ភូមិ និង​មេ​ឃុំ សហគមន៍​ជា​ច្រើន​សំរេច​គោលដៅ​មាន​បង្គន់​ប្រើប្រាស់ ១០០​%​។ នេះ​ជា​ជោគជ័យ​ដ៏​សំខាន់ ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស ក្នុង​ការ​មាន​ទឹក​ស្អាត និង​អនាម័យ​។

        ក្នុង​ពេល​យើង​បន្ត​ឃើញ​មាន​ការ​ផ្ទុះ​ជំងឺ​ទាក់ទង នឹង​អនាម័យ​នៅ​ទូទាំង​ប្រទេស យើង​នឹក​ដល់​សារៈសំខាន់ នៃ​ទឹក​ស្អាត សំរាប់​បរិភោគ អនាម័យ​ល្អ និង​ការ​លាង​ដៃ​។ ជំងឺ​ជា​ច្រើន​ក្នុង​ចំណោម​កុមារ និង​មនុស្ស​ធំ​គឺ​បណ្តាល​មក​ពី​ទឹក​មិន​ស្អាត ហើយ​និង​កង្វះ​អនាម័យ​សមស្រប​។

        ជំងឺ​ដែល​ច្រើន​តែ​សំលាប់​កុមារ​គឺ​ជំងឺ​រាគរូស​។ ក្នុង​ចំណោម​កុមារ ការ​ចេះ​តែ​មាន​រាគរូស​នាំអោយ​ពួកគេ​ក្រិន មិន​សូវ​បាន​ទៅ​រៀន ហើយ​រៀន​មិន​សូវ​ចេះ​។ អ្នក​ធ្វើ​ការ​ផ្នែក​អភិវឌ្ឍន៍ និង​សុខភាព​ដឹង​ថា កង្វះ​អាហាររូបត្ថម្ភ​មិន​អាច​ដោះស្រាយ​បាន ដោយ​គ្មាន​អនាម័យ​ល្អ និង​ទឹកស្អាត​នោះ​ទេ​។ ក្រៅ​ពី​ការ​ប៉ះពាល់​របស់​វា​ទៅ​លើ​សុខភាព ជំងឺ​ដែល​រ៉ាំរ៉ៃ ឬ​ឧស្សាហ៍​កើត​មាន​ក្នុង​ចំណោម​មនុស្ស​ធំ នាំ​អោយ​គេ​ធ្វើ​ការ​មិន​សូវ​បាន ហើយ​នាំ​ដល់​កំនើន​នៃ​ភាព​ក្រីក្រ​។

        ដោយសារ​នៅ​ពេល​នេះ ភាព​ជា​ដៃគូ​របស់​ទីភ្នាក់ងារ USAID ជាមួយ​កម្មវិធី WaterSHED កំពុង​តែ​ឈាន​ចូល​ក្នុង​ដំណាក់​កាល​ថ្មី ខ្ញុំ​សូម​ថ្លែង​សង្កត់​ទៅ​លើ​លទ្ធផល និង​ការ​សំរេច​បាន​មួយ​ចំនួន​តូច ដែល​ចេញ​ពី​ភាព​ជា​ដៃគូ​របស់​យើង​៖

  • ការ​ធ្វើ​ប្រភេទ​បង្គន់ ដែល​ចុះ​សោហ៊ុយ​តិច ក្រោម​ការ​ឧបត្ថម្ភ​តាមរយៈ​គំរោង​សហគ្រាស​ខ្នាត​តូច​បំផុត តូច និង​មធ្យម​ក្នុង​ដំណាក់កាល​ទី​២ របស់​ទីភ្នាក់ងារ USAID
  • ការ​បង្កើត​និង​ជួយ​​ទ្រទ្រង់​សហគ្រាស​សង្គម​ចំនួន ២ ផ្នែក​ទឹក​នៅ​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ឡាវ
  • ការ​កសាង​រោងចក្រ​ធ្វើ​ប្រដាប់​ច្រោះ​ទឹក​ធ្វើ​ពី​សេរ៉ាមិក​ធំ នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​អាច​ផលិត​ប្រដាប់​ចំរោះ​បាន​ចំនួន ៨០០០ ក្នុង​មួយ​ខែ
  • ការ​ធ្វើ​បង្ហាញ​សាកល្បង​ប្រកប ដោយ​ជោគជ័យ​លើ​គំរោង​ជំនួយ​ផ្អែក​លើ​លទ្ធផល​សំរាប់​អនាម័យ ដែល​ទទួល​បាន​ថវិកា​ចំនួន ១០,៩ លាន​ដុល្លា ពី​មូលនិធិ Bill and Melinda Gates Foundation ដើម្បី​លើក​កំពស់​បន្ថែម នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​។
  • សំខាន់​បំផុត​គឺ​ការ​ពង្រឹង និង​បង្កើត​យុទ្ធសាស្រ្ត​ថ្មី​ផ្តោត​លើ​ទីផ្សា​ សំរាប់​សេវា និង​ផលិតផល​អនាម័យ និង​ទឹក ធ្វើ​ជា​គំរូ សំរាប់​និរន្តភាព​យូរ​អង្វែង​ទៅ​មុខ​នៃ​លទ្ធផល​ពី​ការ​ខិតខំ​ទាំង​នេះ​។

        ឧទាហរណ៍​​មួយ​នៃ​ការ​ជួយ​របស់​ទីភ្នាក់ងារ USAID ដែល​ខ្ញុំ​ចង់​សង្កត់​ធ្ងន់ គឺ​ការ​ខិតខំ​រួម​គ្នា ដែល​ត្រូវ​បាន​រៀបចំ​ដោយ​កម្មវិធី WaterSHED និង​ដឹកនាំ​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដើម្បី​រៀបចំ​យុទ្ធនាការ​ថ្នាក់​ជាតិ សំរាប់​ជំរុញ​ផ្នែក​អនាម័យ និង​ការ​ផ្លាស់ប្តូរ​ការ​ប្រព្រឹត្ត​។

         យុទ្ធនាការ​នេះ​ប្រើ​សារ​ចំនួន ៣ ជា​គន្លឹះ គឺ​៖

  1. ប្រើ​បង្គន់​ជានិច្ច
  2. ប្រើ​ទឹក​ស្អាត
  3. លាង​ដៃ​ក្នុង​ពេល​សំខាន់​ៗ

         សារ​ទាំង ៣ នេះសំដៅ​លើ​អាកប្បកិរិយា​សំខាន់ ៣ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ ដូច​មាន​និយាយ​នៅ​ក្នុង “​យុទ្ធសាស្រ្ត​ថ្នាក់​ជាតិ​សំរាប់​ការ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​នៅ​តាម​ជនបទ ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២៥​” របស់​ក្រសួង​។ យើង​ដឹង​ថា នៅ​ពេល​ធនធាន​របស់​អង្គការ​ជា​ច្រើន​ត្រូវ​បាន​ប្រើ​ជាមួយ​គ្នា ហើយ​នៅ​ពេល​សារសំខាន់​ៗ​មាន​លក្ខណៈ​ស្រប​តាម​ខ្លឹមសារ និង​ឈ្មោះ​របស់​វា យើង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ច្រើន​។

        ទីភ្នាក់ងារ USAID មាន​មោទនភាព ដែល​បាន​ជួយ​ក្នុង​ដំណើរការ​នេះ ដែល​នៅ​ទី​បំផុត បាន​នាំ​ដល់​ការ​រៀបចំ​យុទ្ធនាការ​ថ្នាក់​ជាតិ​ស្តីពី “​ការ​បញ្ឈប់​ជំងឺ​រាគរូស​” ដែល​នៅ​ពេល​នេះ​ត្រូវ​បាន​ប្រើ​ជា​ទូទៅ នៅ​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ដទៃ​ទៀត​។ ខ្ញុំ​ដឹង​ថា លោក ចាប ចៀន នឹង​បង្ហាញ​វីដេអូ​មួយ​ពី​កម្មវិធី​នេះ​ដល់​យើង នៅ​ព្រឹក​នេះ​។

        ពិត​​មែន​ហើយ នៅ​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​។ តែ​យើង​ជឿ​ថា គ្រឹះ​មាំ​មួយ​ត្រូវ​បាន​ចាក់​រួច​ហើយ ហើយ​ដោយ​ឈរ​លើ​គ្រឹះ​នេះ រដ្ឋាភិបាល វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​អាច​ដឹកនាំ​ចលនា​មួយ ដើម្បី​ឈាន​ទៅ​ទទួល​បាន​អនាម័យ និង​ទឹក​ពេញលេញ នៅ​ទូទាំង​ប្រទេស​។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​អាច​ធ្វើ​ការងារ​នេះ​តែ​ឯកឯង​បាន​ទេ​។

         ដូច​អ្នក​ឯ​ទៀត​ជា​ច្រើន​នៅ​ទី​នេះ តាង​នាម​អោយ​ទីភ្នាក់ងារ USAID ខ្ញុំ​អាច​និយាយ​បាន​ថា យើង​មើល​ឃើញ​លទ្ធផល និង​តំលៃ​ច្រើន​ក្នុង​ការ​ទ្រទ្រង់​សកម្មភាព ដែល​ផ្អែក​លើ​ភាព​ខ្លាំង និង​ធនធាន​របស់​ដៃ​គូ​ច្រើន ជា​ជាង​ដៃគូ​តិច ទាំង​មក​ពី​វិស័យ​សាធារណៈ ទាំង​មក​ពី​វិស័យ​ឯកជន​។

        ទីភ្នាក់ងារ USAID មាន​មោទនភាព ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​វេទិកា​នេះ​។ ខ្ញុំ​សូម​ថ្លែង​ការ​កោតសរសើរ ដល់​បុគ្គលិក​នៃ​កម្មវិធី WaterSHED ដែល​បាន​ខិតខំ​រៀបចំ​វេទិកា​នេះ​ឡើង​។ ខ្ញុំ​សូម​ថ្លែង​ការ​កោត​សរសើរ​ផង​ដែរ​ដល់​អ្នក​ដែល​បាន​ជួយ​ធ្វើ​អោយ​សមិទ្ធិផល​ទាំង​នេះ​ក្លាយ​ជា​ការ​ពិត និង​បន្ត​ធ្វើការ​ដើម្បី​កែ​លំអ​សុខភាព​នៃ​គ្រួសារ​ខ្មែរ​។

        ឯកឧត្តម សៅ ជីវ័ន្ត អស់​លោក លោកស្រី  សូម​អរគុណ​។