Skip Global Navigation to Main Content
Skip Breadcrumb Navigation
សុន្ទរកថា ក្នុងឆ្នាំ២០១២

សុន្ទរកថា​របស់​លោក Flynn Fuller ប្រធាន​ទីភ្នាក់ងារ USAID នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្តីពី​ការ​កំណត់​សូចនាការ​នៃ​ជីវសាស្រ្ត​ចំរុះ និង​គោលដៅ​ថ្នាក់​ជាតិ

សណ្ឋាគារ​សាន់វ៉េ ក្រុង​ភ្នំពេញ | ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)

         សូម​អរគុណ​ឯកឧត្តម​បណ្ឌិត​ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ដែល​បាន​អញ្ជើញ​មក​ចូលរួម​ថ្ងៃ​នេះ ដើម្បី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ និង​សូម​អរគុណ​អស់​លោក លោកស្រី​ទាំងអស់ ដែល​មាន​វត្តមាន នៅ​ថ្ងៃ​នេះ ដើម្បី​កំណត់​សូចនាករ​នៃ​ជីវសាស្រ្ត​ចំរុះ និង​ពិភាក្សា​ពី​គោលដៅ​ថ្នាក់​ជាតិ​ដោយ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​នឹង​សូចនាករ​ទាំង​នោះ​។

         តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ផ្តល់​ជំនួយ​មនុស្សធម៌ ជំនួយ​អភិវឌ្ឍន៍ និង​ជំនួយ​សេដ្ឋកិច្ច នៅ​ជុំវិញ​ពិភពលោក ក្នុង​ការ​គាំទ្រ​ដល់​គោលដៅ នៃ​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក និង​ក្នុង​ការ​គាំទ្រ ដល់​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​ម្ចាស់​ផ្ទះ ដូចជា​ប្រទេស​កម្ពុជា​។

        វា​ជា​ការ​មួយ​នាំ​អោយ​មាន​ការ​លើក​ទឹកចិត្ត ដែល​គេ​ឃើញ​មន្រ្តី​រដ្ឋាភិបាល តំណាង​វិស័យ​ឯកជន និង​តំណាង​សង្កម​ស៊ីវិល​ធ្វើការ​ជាមួយ​គ្នា ដើម្បី​កំណត់​គោលដៅ សំរាប់​ការ​អភិរក្ស​ជីវសាស្រ្ត​ចំរុះ​ដ៏​សំបូរ​បែប​របស់​ប្រទេស​កម្ពុជា​។

         យើង​សង្ឃឹម​ថា ដំណើរ​ដែល​មាន​លក្ខណៈ​ជា​ការ​ចូលរួម​គ្នា​ទាំង​នេះ និង​ដំណើរការ​ដទៃ​ទៀត​ដែល​មាន​លក្ខណៈ​ដូច​គ្នា​នេះ ក្នុង​ពេល​រាប់​ខែ និង​ឆ្នាំ​ខាង​មុខ នឹង​រួម​ចំណែក​ធ្វើ​អោយ​មាន​សកម្មភាព ដែល​អាច​សំរេច​បាន និង​លទ្ធផល​ប្រកប​ដោយ​និរន្តភាព​។ ទីភ្នាក់ងារ USAID មាន​ការ​ប្តេជ្ញា​ក្នុង​ការ​ធ្វើការ​សំរបសំរួល​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​សកម្មភាព​ទាំង​នេះ និង​ការ​សំរេច​បាន​លទ្ធផល​ទាំង​នេះ​។

        ការ​តាំង​ចិត្ត​របស់​យើង​ចំពោះ​ភាព​ជា​ដៃគូ​ត្រូវ​បាន​បង្ហាញ​តាមរយៈ​កម្មវិធី ដែល​មាន​ឈ្មោះ​ថា HARVEST របស់​ទីភ្នាក់ងារ USAID និង​កម្មវិធី​ខាង​មុខ​របស់​យើង​សំរាប់​ការ​គ្រប់គ្រង​ប្រកប​ដោយ​និរន្តភាព​លើ​ព្រៃឈើ សំរាប់​តំបន់​សំខាន់​ៗ​នៃ​ប្រទេស​កម្ពុជា​។ ការងារ​សហការ​គ្នា​នេះ​គឺជា​និមិត្តរូប​នៃ​ការ​ប្តេជ្ញាចិត្ត​យូរ​អង្វែង របស់​យើង​ចំពោះ​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​កម្ពុជា​។

        ការងារ​របស់​អស់​លោក​អ្នក​នៅ​ទី​នេះ ក្នុង​ថ្ងៃ​នេះ ដើម្បី​រៀបចំ​សូចនាករ និង​គោលដៅ​ជីវសាស្រ្ត​ចំរុះ​ថ្មី​ៗ​គឺជា​ជំហាន​ដំបូង ដែល​ចាំបាច់​ដើម្បី​សើរើ​ផែនការ​សកម្មភាព​ជា​យុទ្ធសាស្រ្ត​ថ្នាក់​ជាតិ​ផ្នែក​ជីវសាស្រ្ត​ចំរុះ​របស់​ប្រទេស​កម្ពុជា​។ ទីភ្នាក់ងារ USAID រីករាយ​ដោយ​យើង​អាច​ជួយការងារ​របស់​លោក​អ្នក​ក្នុង​កិច្ច​ខិតខំ​នេះ​។ នៅ​ខែ​តុលា ទីភ្នាក់ងារ USAID នឹង​ឧបត្ថម្ភ​មន្រ្តី ២ រូប​មក​ពី​អគ្គនាយកដ្ឋាន​រដ្ឋបាល សំរាប់​ការ​ការពារ និង​អភិរក្ស​ធម្មជាតិ របស់​ក្រសួង​បរិស្ថាន ក្នុង​ការ​ចូលរួម​ក្នុង​សន្និសីទ​នៅ​ពេល​ខាង​មុខ នៃ​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវសាស្រ្ត​ចំរុះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ឥណ្ឌា​។

        ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា ទីភ្នាក់ងារ USAID មាន​ការ​តាំង​ចិត្ត​ចំពោះ​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​កម្ពុជា ហើយ​យើង​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​បង្កើត​ផែនទី​បង្ហាញ​ផ្លូវ​មួយ ដើម្បី​រក្សា និង​ពង្រឹង​ជីវសាស្រ្ត​ចំរុះ​ដ៏​សំបូរ​បែប​របស់​ប្រទេស​កម្ពុជា​។

       សូម​អរគុណ ឯកឧត្តម​ចំពោះ​ការ​ដឹកនាំ​របស់​ឯកឧត្តម ហើយ​សំខាន់​ផង​ដែរ សូម​អរគុណ​ដល់​អស់​លោក លោកស្រី​ទាំងអស់​ដែល​បាន​អញ្ជើញ​មក​ចូលរួម ក្នុង​ការ​កំណត់​ផែនទី​ផ្លូវ​សំរាប់​អភិរក្ស​ជីវសាស្រ្ត​ចំរុះ​នៃ​ប្រទេស​កម្ពុជា​។

       សូម​អរគុណ​ច្រើន​!