Skip Global Navigation to Main Content
Skip Breadcrumb Navigation
សុន្ទរកថា ក្នុងឆ្នាំ២០១២

សុន្ទរកថា​របស់​លោក Sean McIntosh មន្រ្តី​កិច្ចការ​សាធារណៈ​ ក្នុង​ពិធី​ចុះហត្ថលេខាលើអនុស្ស​រណៈយោគ​យល់​គ្នា​ថ្មីមួយ​​ក្នុង​​ការ​​បន្តវត្ត​មាន​បណ្ណា​ល័យ​អាមេរិក​ នៅខេត្ត​កំពង់ចាម

ខេត្ត​កំពង់ចាម | ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១២

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)

          ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​មាន​វត្តមាន​នៅ​ពេល​នេះ ដើម្បី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​លើ​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​គ្នា​សំរាប់​បណ្ណាល័យ​ស្ថានទូត​អាមេរិក សំរាប់​រយៈពេល ៥ ឆ្នាំ​ទៅ​មុខ​នេះ​។ យើង​មាន​កិត្តិយស​ដោយ​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​ស្ថានទូត​សហរដ្ឋ​អាមេរិក ដើម្បី​បង្កើត​អោយ​មាន​បណ្ណាល័យ​នេះ​ឡើង នៅ​ខេត្ត​កំពង់ចាម​។ ខ្ញុំ​សង្ឃឹម​ថា បណ្ណាល័យ​នេះ​នឹង​នៅ​តែ​ជា​ប្រភព​ធនធាន​ព័ត៌មាន​សំរាប់​អោយ​អ្នក​រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​អ្នក​មក​ទស្សនា​ខេត្ត​នេះ មាន​ការ​យល់​ដឹង​ច្រើន​ថែម​ទៀត​ស្តីពី​សហរដ្ឋ​អាមេរិក​។

         បុគ្គលិក​នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច បណ្ណាល័យ​ស្ថានទូត​អាមេរិក និង​ស្ថានទូត​អាមេរិក​បាន​ខិតខំ​ធ្វើការ​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​មក​នេះ ដើម្បី​អនុវត្ត​គំរោង​ដ៏​មាន​សារៈសំខាន់​នេះ​។ យើង​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​យើង​សំរេច​បាន​។

         ខ្ញុំ​ជឿជាក់​ថា បណ្ណាល័យ​ស្ថានទូត​អាមេរិក​នៅ​តែ​ជា​កន្លែង​ផ្តល់​ការ​សប្បាយ រាក់ទាក់ និង​ភាព​រស់រវើក ដែល​ជំរុញ​អោយ​មាន​ការ​ពិភាក្សា និង​ការ​យល់​គ្នា​បាន​កាន់តែ​ច្រើន រវាង​ជនជាតិ​ខ្មែរ និង​ជនជាតិ​អាមេរិក​។ ស្ថានទូត​អាមេរិក​មាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ជួយ​ដល់​សកម្មភាព​នានា នៅ​ក្នុង​បណ្ណាល័យ​នេះ​។ យ៉ាង​ណា​ក្តី ជោគជ័យ​នៃ​បណ្ណាល័យ​នេះ​អាស្រ័យ​លើ​អ្នក​មក​ប្រើប្រាស់ ហើយ​បណ្ណាល័យ​នេះ​គឺ​សំរាប់​អោយ​លោក​អ្នក​ធ្វើ​ការ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ខ្លួន​របស់​លោក​អ្នក​។ សូម​អរគុណ​។