Skip Global Navigation to Main Content
Skip Breadcrumb Navigation
សុន្ទរកថា ឆ្នាំ ២០១២

អត្ថបទ​​វិចារណកថា​របស់​លោក​ Jef​f​ Daigle​ ភារ​ធារី​ស្ថាន​ទូត​អាមេរិក​៖ ផ្តល់​កិត្តិយស​ដល់​ស្រ្តី​ក្នុង​យុគ​សម័យ​នៃ​ការ​ចូល​រួម​

ថ្ងៃ​ទី​ ៨​ ខែ​មិនា​ ឆ្នាំ​ ២០១២​

         ក្នុង​ពេល​យើង​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ ខ្ញុំ​សូម​បន្ទរ​តាម​ប្រសាសន៍​របស់​លោក​ស្រី​ Hillary​ Rodham ​Clinton ​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ដែល​បាន​មាន​ប្រសាសន៍​ថា​៖​

        “​អ្វី​ដែល​យើង​កំពុង​រៀន​សូត្រ​នៅ​ជុំ​វិញ​ពិភព​លោក​គឺ​ថា​ បើ​ស្រ្តី​មាន​សុខភាព​បរិបូរ​ ហើយ​មាន​ការ​សិក្សា​នោះ ​គ្រួសារ​របស់​គេ​នឹង​សំបូរ​សប្បាយ​។​ បើ​ស្រ្តី​មិន​ទទួល​រង​នូវ​អំពើ​ហឹង្សា​នោះ ​គ្រួសារ​បស់​គេ​នឹង​សំបូរ​សប្បាយ​។​ បើ​ស្រ្តី​មាន​ឱកាស​មាន​ការងារ​ធ្វើ​ ហើយ​រក​ចំណូល​បាន​ក្នុង​នាម​ជា​ដៃ​គូ​ស្មើ​ភាព​ និង​ពេញ​លេញ​ក្នុង​សង្គម​នោះ​ គ្រួសារ​របស់​គេ​នឹង​សំបូរ​សប្បាយ​ ហើយ​នៅ​ពេល​គ្រួសារ​របស់​គេ​សំបូរ​សប្បាយ​នោះ ​​សហគមន៍​និង​ប្រទេស​ជាតិ​ នឹង​សំបូរ​សប្បាយ​ផង​ដែរ”​។​

       ពាក្យ​ទាំង​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ​ជា​ពិសេស​ ក្នុង​ពេល​នេះ​ដែល​យើង​ធ្វើ​ការ​អបអរ​ការ​រួម​ចំណែក​របស់​ស្រ្តី​នៅ​ជុំវិញ​ពិភព​លោក​ និង​នៅ​ពេល​ដែល​យើង​បន្ត​បោះ​ជំហាន​ទៅ​មុខ​ដើម្បី​ជោគ​ជ័យ​របស់​ស្រ្តី។​

       តែ​ក្នុង​ពេល​ដែល​យើង​អបអរ​ការ​សំរេច​បាន​នូវ​សមិទ្ធផល​យ៉ាង​ត្រឹមត្រូវ​នេះ​ យើង​ក៏​ត្រូវ​ចង​ចាំ ​ផង​ដែរ​ថា ​ទិវា​នារី​អន្តរជាតិ​គឺ​ជា​ឱកាស​ត្រូវ​ធ្វើ​ការ​អំពាវ​នាវ​ជា​ថ្មី​ សុំ​អោយ​មាន​ជា​សកម្មភាព​ការ​វិនិយោគ ​និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​សមភាព​សំរាប់​ស្រ្តី​។​ យើង​កំពុង​ឈាន​ដល់​ដំណាក់​កាល​ជា​ប្រ​វត្តិសាស្រ្ត​មួយ​។ ​លោកស្រី​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋអាមេរិក​ Clinton​ បាន​ហៅ​យុគ​សម័យ​នេះ​ថា​ជា​ “​យុគ​សម័យ​នៃ​ការ​ចូល​រួ​ម”​។

       ​នេះ​គឺ​ជា​ពេល​មួយ​ដែល​មនុស្ស​គ្រប់​រូប​ ដោយ​មិន​គិត​ពី​ភេទ​ ឬ​លក្ខណៈ​ដទៃ​ ណា​ផ្សេង​ទៀត​ ត្រូវ​រៀបចំ​ខ្លួន​អោយ​ទៅ​​ជា​សមាជិក​ម្នាក់​ដែល​រួម​ចំណែក​ និង​មាន​តំលៃ​សំរាប់​សង្គម​។

       នៅ​ជុំ​វិញ​ពិភព​លោក​ យើង​មើល​ឃើញ​គំរូ​នៃ​យុគ​សម័យ​នៃ​ការ​ចូលរួម​ ដោយ​មាន​ស្រ្តី​បង្ហាញ​ភាព​ក្លាហាន​ និង​ភាព​ជា​អ្នក​ដឹកនាំ​ពិសេស​ក្នុង​ការ​តស៊ូ​មតិ​ ដើម្បី​សិទ្ធិ​ និង​ការ​ផ្តល់​អំណាច​សំ​រាប់​ស្រ្តី ​ដែល​ជា​ញឹ​កញាប់​ ធ្វើ​អោយ​ពួក​គាត់​ប្រឈម​នឹង​គ្រោះ​ថ្នាក់​យ៉ាង​ច្រើន​ដល់​រូប​ពួក​គាត់​ផ្ទាល់​។ ​នៅ​ប្រទេស​កម្ពុជា ​ស្ថាន​ទូត​អាមេរិក​បាន​ទទួល​ស្គាល់​លោកស្រី​ ចាន់​ ធារី​ ថាជា​ “ស្រ្តី​ក្លាហាន​”ប្រចាំឆ្នាំ ​២០១២​ ។​ ​   ​

      ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​សុខភាព​កុមារ​ និង​សុខភាព​បន្តពូជ​ (RACHA)​ ដែល​ជា​អង្គការ​ដៃ​គូ​នៃ​កម្មវិធី​របស់​ទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ នៅ​ប្រទេស​កម្ពុជា​ លោក​ស្រី​ ធារី​បាន​ធ្វើ​ការ​សហការ​ដោយ​មិន​ខ្លាច​នឿយ​ហត់​ ជាមួយ​ក្រសួង​សុខា​ភិបាល​កម្ពុជា​ និង​ដៃ​គូ​អភិវឌ្ឍន៍​ដទៃ​ទៀត​ ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​របស់​ម្តាយ​ ទារក​ទើប​នឹង​កើត​ និង​កុមារ​នៅ​ប្រ​ទេស​កម្ពុជា​ ក្នុង​រយៈពេល ​៨ ​ឆ្នាំ​មក​នេះ។​ ការ​រួម​ចំណែក​របស់​លោក​ស្រី​ ធារី​ ជួយ​អោយ​ម្តាយ​និង​កុមារី​កម្ពុជា ​អាច​រស់​នៅ​ក្នុ​ងនា​ម​ជា​ពលរដ្ឋ​ដែល​មាន​សុខភាព​បរិបូរ​ និង​មាន​ភាព​សកម្ម​នៅ​ក្នុង ​សហគមន៍​របស់​គេ ​ដោយ​រួម​ចំណែក​ធ្វើ​អោយ​សង្គម​ខ្មែរ​កាន់​តែ​មាន​វិបុលភាព​ច្រើន​ថែម​ទៀត​។ ​រឿង ​របស់​លោកស្រី​ ធារី​ គ្រាន់​តែ​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ជា​ច្រើន​របស់​មេ​ដឹក​នាំ​ថ្មីៗ​ ដែល​គេ​ឃើញ​នៅ ​គ្រប់​តំបន់​នៃពិ​ភពលោក​។​

        ស្រ្តី​គឺ​ជា​គ្រឹះ​នៃ​គោល​នយោបាយការ​បរទេស​អាមេរិក​ ដូច​ដែល​ត្រូវ​បាន​ស្តែង​អោយ​ឃើញ​ដោយ​ ផែនការ​សកម្មភាព​ជាតិ​ជា​លើក​ដំបូង​បង្អស់​របស់​សហរដ្ឋ​អាមេរិក​ ស្តី​ពី​ស្រ្តី​ សន្តិភាព​ និង​សន្តិសុខ​ ពីព្រោះ​ថា ​គ្មាន​ប្រទេស​ណា​មួយ​អាច​សង្ឃឹម​ថា​នឹង​អាច​បោះ​ជំហាន​ទៅ​មុខ​បាន​ទេ ​ប្រសិន​បើ​ពាក់​ កណ្តាល​នៃ​ប្រជាជន​ក្នុង​ប្រទេស​នេះ​ត្រូ​វ​បាន​គេ​ទុក​ចោល។​ ​ស្រ្តី​ និង​កុមារី​ជំរុញ​សេដ្ឋកិច្ច​របស់យើ​ង។​ គេ​កសាង​សន្តិភាព​និង​វិបុលភាព​។ ​

        ការ​វិនិយោគ​ទៅ​លើ​ពួក​គេ​គឺ​ជា​ការ​វិនិយោគ​ដើម្បី​ភាព​ជឿនលឿន​នៃ​សេដ្ឋកិច្ច​ពិភពលោក ​ស្ថេរ​ភាព​នយោបាយ​ និង​វិបុលភា​ព​កាន់​តែ​ច្រើន​សំរាប់​មនុស្ស​គ្រប់​គ្នា ​នៅ​ទូទាំង​សាកល​លោក​។​ ក្នុង​ពេល​ដែល​យើង​ផ្តល់​កិត្តិយស​ដល់​ពួក​គេ​នៅ​​ថ្ងៃ​នេះ ​ចូរ​យើង​ប្តេជ្ញា​សារ​ជា​ថ្មី​ថា​ នឹ​ង ធ្វើ​ការ​ដើម្បី​បុព្វហេតុ​សមភាព​ នៅ​គ្រប់​ពេលវេ​លា​ទាំងអស់​។​