Skip Global Navigation to Main Content
Skip Breadcrumb Navigation
សុន្ទរកថា ក្នុងឆ្នាំ ២០១២

សេចក្តី​ប្រកាស​របស់​លោកស្រី Clinton រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ស្តីពី​គោលការណ៍​ណែនាំ​ថ្មី​អំពី​ទិដ្ឋាការ

ចេញ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១២

         មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មាន​ការ​គិតគូរ​ខ្ពស់​ក្នុង​ការ​កែលំអ​ដំណើរការ​ទិដ្ឋាការ បន្ថយ​រយៈពេល​រង់ចាំ​សំភាសន៍​ទិដ្ឋាកា​នៅ​តាម​ប្រទេស​ជា​ទីផ្សា​សំខាន់​ៗ ដូចជា​ប្រទេស​ចិន និង​ប្រទេស​ប្រេស៊ីល ហើយ​បង្កើន​ចំនួន​ទិដ្ឋាការ​ដែល​យើង​ចេញ​អោយ ដែល​មិន​ប៉ះពាល់​សន្តិសុខ​ព្រំដែន​។

         យើង​រីករាយ​នឹង​ខិតខំ​អោយ​បាន​ច្រើន​ជាង​នេះ​ថែម​ទៀត តាម​គំនិត​ផ្តួចផ្តើម​របស់​លោក​ប្រធានាធិបតី​ស្តីពី​ការ​ធ្វើ​ដំណើរ​និង​ទេសចរណ៍ ដែល​បើក​ផ្លូវ​អោយ​មាន​ការ​នាំ​ចេញ និង​ការងារ​ថ្មី​ៗ​។ កាលណា​មាន​អ្នក​មក​ទស្សនា​ប្រទេស​អាមេរិក​ច្រើន ចំណូល​សំរាប់​ទីក្រុង និង​រដ្ឋ​នានា​របស់​យើង​ក៏​មាន​ច្រើន​កាលនោះ ហើយ​យើង​កំពុង​បង្ករ​លក្ខណៈ​ងាយស្រួល​សំរាប់​អោយ​អ្នក​ទេសចរ​មក​ពី​ប្រទេស​ដទៃ​បាន​ឃើញ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​មាន​។

        ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ មាន​កំណើន​ការ​សុំ​ទិដ្ឋាការ​យ៉ាង​ច្រើន ដូច្នេះ​រដ្ឋបាល​បច្ចុប្បន្ន​កំណត់​អាទិភាព​ក្នុង​ការ​បង្កើន​សមត្ថភាព​របស់​យើង ដោយ​ទន្ទឹម​នឹង​នោះ រក្សា​បទដ្ឋាន​សន្តិសុខ​យ៉ាង​តឹងរឹង​របស់​យើង​។ តាមរយៈ​ការ​បង្កើន​ម៉ោង​សំភាសន៍ បន្ថែម​ការ​ណាត់​ជួប​នៅ​ថ្ងៃ​សៅរ៍ រើស​បុគ្គលិក​បន្ថែម និង​បើក​កន្លែង​ថ្មី​ៗ យើង​បាន​កាត់​បន្ថយ​រយៈពេល​រង់ចាំ​ទិដ្ឋាការ នៅ​តាម​ប្រទេស​នានា ជុំវិញ​ពិភពលោក​។

        ជាមួយ​នឹង​ការ​ប្រកាស​នៅ​ថ្ងៃ​នេះ មន្រ្តី​កុងស៊ុល​របស់​យើង​នឹង​អាច​លើកលែង​លើ​លក្ខខ័ណ្ឌ​ទាមទារ ទៅ​តាម​ករណី​មួយ​ៗ សំរាប់​ទេសចរ និង​អ្នក​ធ្វើ​ដំណើរ​បំពេញ​មុខ​ជំនួញ ដែល​បាន​ចំណាយ​លុយ​រាប់​ពាន់​លាន​ដុល្លា នៅ​សហរដ្ឋ​អាមេរិក​។ ការ​ធ្វើ​ដូច្នេះ​នឹង​បង្ករ​លក្ខណៈ​ងាយស្រួល​សំរាប់​អ្នក​ទាំង​នេះ ក្នុង​ការ​វិល​ត្រឡប់​មក​វិញ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​របស់​យើង បរិភោគ​ក្នុង​ភោជនីយដ្ឋាន​របស់​យើង ទិញ​ទំនិញ​អាមេរិក និង​សប្បាយ​ជាមួយ​នឹង​អ្វី​ដែល​ប្រទេស​អាមេរិក​មាន​សំរាប់​ពួកគេ​។

        ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ ទាំង​សន្តិសុខ​សេដ្ឋកិច្ច ទាំង​សន្តិសុខ​ព្រំដែន​របស់​យើង​។ ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ​លើ​លក្ខខ័ណ្ឌ​ទាមទារ​ផ្នែក​ទិដ្ឋាការ​របស់​យើង​នឹង​លើក​ទឹកចិត្ត​អោយ​មាន​ការ​វិនិយោគទុន​ច្រើន នៅ​សហរដ្ឋ​អាមេរិក ដែល​ជា​ការ​ជួយ​បង្កើត​អោយ​មាន​ការងារ​ធ្វើ  ហើយ​ជំរុញ​កំលាំង​នៃ​ការ​រីក​ចំរើន​របស់​ប្រទេស​អាមេរិក ដោយ​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុវតិ្ថភាព និង​សន្តិសុខ​នៃ​ប្រជាជន​អាមេរិក​។