Skip Global Navigation to Main Content
Skip Breadcrumb Navigation
សុន្ទរកថា ក្នុងឆ្នាំ២០១២

សុន្ទរកថា​​​របស់​​​លោក​​​ភារធារី Jeff Daigle ក្នុង​ពិធី​សម្ពោធ​គម្រោង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ជំហាន​ទី​២

សណ្ឋាគារ​រ៉ាហ្វ​ឡឺ​រ៉ូយ៉ាល ក្រុង​ភ្នំពេញ | ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១២

(​រៀបចំ​សម្រាប់​ថ្លែង​)

        ឯកឧត្តម ស ខេង  ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ឯកឧត្តម  លោកជំទាវ ភ្ញៀវ​កិត្តិយស ដៃគូ  លោក  លោកស្រី  អ្នកនាង​កញ្ញា​ជាទី​មេត្រី។

         ថ្ងៃ​នេះ​ខ្ញុំ​មាន​កិត្តិយស​ដែល​បាន​មក​ចូលរួម​សម្ពោធ​ជា​ផ្លូវការ​នូវ​គម្រោង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ជំហាន​ទី​២  ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។  ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ឯកឧត្តម ស ខេង  ចំពោះ​ការ​បន្ត​ការ​ដឹកនាំ និង​ការ​ប្តេជ្ញា​របស់​ឯកឧត្តម​ដើម្បី​បពា្ឈប់​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។  ខ្ញុំ​ក៏​សូម​កោត​សរសើរ​ផង​ដែរ​ចំពោះ​ដៃគូ​ដ៏​សំខាន់​របស់​យើង​គឺ លោកជំទាវ ជូ  ប៊ុនអេង  ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​ជាតិ ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស  រត់ពន្ធ​មនុស្ស កេងប្រវ័ញ្ច​កំលាំង​ពលកម្ម និង​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​ស្រ្តី និង​កុមារ​។ លោក​ជំទាវ​គឺជា​សម្ព័ន្ធ​មិត្ត​ដ៏​ចំបង​របស់ យើង​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នេះ​។ សំរាប់​អ្នក​តំណាង​មក​ពី​អង្គការ​សង្គម​ស៊ីវិល  អ្នក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​បញ្ឍប់​ការ​ជួញដូរ​មនុស្ស និង​ការ​រើសអើង និង​ការ​ឈឺ​ចាប់​ដែល​កើត​មាន​ពី​អំពើ​ជួញដូរ​នេះ​។  ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​ខិតខំ​របស់​លោក អ្នក​។

         ជាមួយ​គ្នា​នេះ​ផង​ដែរ  ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ស្វាគមន៍​ដៃគូ អនុវត្ត​គម្រោង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ថ្មី​របស់​យើង​គឺ អង្គការ Winrock International​។ អង្គការ Winrock មាន​បទពិសោធន៍​នៅ​ក្នុង​ការ​ធ្វើ​ការងារ​ដើម្បី បញ្ឍប់​ការ​ជួញដូរ​មនុស្ស  និង​ជួយ​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​នៅ​ទូទាំង​ពិភពលោក​។ រួម​ជាមួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​ជនជាតិ​កម្ពុជា​និង​របៀប​វារៈ​ដ៏​ធំ  ខ្ញុំ​មាន​ការ​រំពឹង​ទុក​ខ្ពស់​លើ​កម្មវិធី​នេះ​។

        នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barak Obama បាន ប្រកាស​យក​ខែ​មករា ឆ្នាំ​២០១២ ជា​ខែ​ជាតិ​សំរាប់​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​ទាសភាព​។ នៅ​ក្នុង​សេចក្តី​ថ្លែងការ​របស់​ប្រធានាធិបតិ Obama បាន​កត់​សំគាល់​ផង​ដែរ​ថា​ជិត​១៥០​ឆ្នាំ​មុន  លោក​ប្រធានាធិបតិ Abraham Lincoln បាន​ចេញ​សេចក្តី​ប្រកាស​ដោះ​លែង​តាម​ផ្លូវ​ច្បាប់​នូវ​ទាសករ​អាមេរិក​។ 

        ទោះបីជា​យ៉ាង​ណា​ក៏​ដោយ សេចក្តី​ប្រកាស​នេះ​មិន​បាន​បញ្ឍប់ ទាសភាព​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទាំងស្រុង​ទេ ហើយ​ក៏​គ្មាន​ប្រទេស​ណា​ផ្សេង​ទៀត​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បញ្ឍប់​ឧក្រិដ្ឋកម្ម​នេះ​ដែរ​។ ថ្វី​បើ​ទាសភាព​កើត​មាន​ឡើង​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ក៏​ដោយ ទាសភាព​មាន​ការ​វិវត្តន៍​ទៅ​ជា​ទាសភាព​សម័យ​ទំនើប​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អំពើ​ជួញដូរ​មនុស្ស​។

        បច្ចុប្បន្ន​នេះ​ការ​ជួញដូរ​មនុស្ស​កើត​មាន​ឡើង​ជា​ច្រើន​ទំរង់​។ ជន​រងគ្រោះ ត្រូវ​បាន​បង្ខំ​អោយ​ធ្វើការ​នៅ​តាម​ផ្ទះ  រោងចក្រ  ទូក​នេសាទ រឺ​នៅ​ក្នុង​ទីវាល​កសិដ្ឋាន​សំរាប់​និយោជក​ដែល​ទុក​ពួកគេ​ដូចជា​អ្នក​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​។ ជន​រងគ្រោះ​មួយ​ចំនួន​ត្រូវ​បាន​បង្ខំ​អោយ​បំរើ​ផ្លូវ​ភេទ  ខណៈ​ដែល​មាន​អ្នក​ផ្សេង​មួយ ចំនួន​ទៀត​ត្រូវ​បង្ខំ​អោយ​សុំ​ទាន​នៅ​តាម​ដង​វិថី​នានា​។  ជន​រងគ្រោះ​ជា​ច្រើន ត្រូវ​បាន​គេ​បោក​បញ្ឆោត  ខណៈ​ដែល​ពួកគេ​កំពុង​តែ​គិត​ថា​នឹង​ទទួល​បាន ឳកាស​ការងារ​ដ៏​ស្រប​ច្បាប់​មួយ  ប៉ុន្តែ​ពួកគេ​បែរ​ជា​មក​ជាប់​អន្ទាក់ និង មិន​អាច​ចាកចេញ​ផុត​ពី​ស្ថានភាព​កេង​ប្រវ័ញ្ច​ទៅ​វិញ​។ អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​គេ​ទិញ​លក់​ដូច​របស់​។ ពួកគេ​គឺ​មាន​កុមារ ស្រ្តី និង​បុរស​គ្រប់​វ័យ​។ ភាគ​ច្រើន​នៃ​ពួកគេ​មិន​អាច​សុំ​អោយ​នរណា​ជួយ​បាន​ទេ​។

         ខ្ញុំ​សូម​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល កម្ពុជា និង​លទ្ធផល​ដែល​សំរេច​បាន​នា​ពេល​កន្លង​មក​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ការ​ជួញដូរ​មនុស្ស និង​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន​។  ខ្ញុំ​សូម​ថ្លែង​អំណរគុណ ដល់​អង្គការ និង​អស់​លោក អ្នក​ទាំងអស់​ដែល​មាន​វត្តមាន​នៅ​ទីនេះ​នា​ថ្ងៃ​នេះ ដែល​រក្សា​បាន​នូវ​ឆន្ទៈ​បំបាត់​ការ​ជួញដូរ​មនុស្ស​។

        សូម​បញ្ចប់​ដោយ​ធ្វើការ​បញ្ចាក់​ជា​ថ្មី​ម្តង​ទៀត​នូវ​ពាក្យពេចន៍​របស់​ប្រធានាធិបតី Obama ។ ថ្ងៃ​នេះ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ខែ​ជាតិ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​ទាសភាព  យើង​ឈរ​ជាមួយ​អស់​លោក អ្នក​ទាំងអស់​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​អង្គការ  ស្ថាប័ន​រដ្ឋាភិបាល និង​ប្រជាជន​ទាំងអស់​ដែល​បាន​ធ្វើ​ការងារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។  យើង​ទាំងអស់​គ្នា​ប្តេជ្ញា​ជា​ថ្មី​ក្នុង​ការ​បញ្ឈប់​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នេះ នៅ​ប្រទេស​កម្ពុជា និង​នៅ​កន្លែង​ដទៃ ជុំវិញ​ពិភពលោក​។

        សូម​អរគុណ​។