Skip Global Navigation to Main Content
Skip Breadcrumb Navigation
ទិដ្ឋាការ​អន្ដោប្រវេសន៍

សេចក្តីណែនាំស្តីពីការធ្វើតេស្តន៍ DNA

        មន្ត្រី​កុងស៊ុល​បាន​ផ្តល់​យោបល់​ឲ្យ​លោក​អ្នក​ប្រើ​ការ​ធ្វើ​តេស្តន៍ DNA ដើម្បី​បញ្ជាក់​ថា​លោក​​អ្នក​គឺ​ពិត​ជា​សាច់​ញាតិ​បង្កើត​។ ការ​ធ្វើ​តេស្តន៍ DNA គឺ​ជា​ការ​វិភាគ​ហ្សែន​នៅ​ក្នុង​កោសិការ​របស់​មនុស្ស ដោយ​ការ​ផ្តិត​យក​ទឹក​មាត់​បន្តិចបន្តួច  ហើយ​ការ​ធ្វើ​តេស្តន៍​នេះ​មាន​ភាព​ត្រឹមត្រូវ​លើស​ពី ៩៩% ក្នុង​ការ​បញ្ជាក់​អំពី​សាច់ញាតិ​សណ្តាន​។   ការ​ប្រើប្រាស់​ការ​ធ្វើ​តេស្តន៍ DNA ដើម្បី​បញ្ជាក់ គឺ​ជា​ការ​ស្ម័គ្រចិត្ត​របស់​បេក្ខជន​និង​អ្នក​ធានា   ហើយ​រាល់​ការ​ចំណាយ​ក៏​ជា​បន្ទុក​របស់​បេក្ខជន​និង​អ្នក​ធានា​ដែរ​។ ប្រសិន​បើ​អ្នក​ស្ម័គ្រចិត្ត​ប្រើប្រាស់​ការ​ធ្វើ​តេស្តន៍ DNA សូម​លោក​អ្នក​ធ្វើ​ដូច​ខាង​ក្រោម​៖

         អ្នក​ធានា​ត្រូវ​ជ្រើសរើស​មន្ទីរ​ពិសោធន៍​ណា​មួយ​ពី​ក្នុង​បញ្ជី​មន្ទីរ​ពិសោធន៍​ដែល​បាន​ទទួល​ស្គាល់​ដោយ​សមាគមន៍​មន្ទីរ​ឈាម​សហរដ្ឋ​អាមេរិក (AABB) ។  មន្ទីរ​ពិសោធន៍​ដែល​ត្រូវ​ជ្រើសរើស​ត្រូវតែ​មាន​លក្ខណៈ​ដូច​ខាង​ក្រោម​៖

  1. អាច​ធ្វើ​តេស្តន៍ ដោយ​ប្រើ​ឧបករណ៍​យក​ទឹកមាត់ (​ឈាម​នឹង​មិន​ត្រូវ​យក​មក​ប្រើប្រាស់​ទេ​)​។
  2. មាន​លទ្ធភាព​ធ្វើ​តេស្តន៍​ដើម្បី​បញ្ជាក់​ប្រភេទ​ញាតិ​សណ្តាន​ផ្សេង​ៗ​តាម​ការ​ស្នើ​សុំ ព្រោះ​មិន​មែន​គ្រប់​ការ​ស្នើ​ សុទ្ធតែ​ដើម្បី​បញ្ជាក់​ពី​ឪពុក​មា្តយ និង​កូន​បង្កើត​ទេ​។
  3. ប្រើប្រាស់​ក្រុមហ៊ុន Fedex ជា​ភ្នាក់ងារ​ផ្ញើ​ឧបករណ៍​ទាំង​ទៅ​និង​មក រវាង​កម្ពុជា​និង​អាមេរិក​។
  4. បង់ប្រាក់​ឲ្យ​ក្រុមហ៊ុន Fedex ជា​មុន សំរាប់​ការ​ផ្ញើ​ឧបករណ៍​ទាំង​ទៅ​និង​មក  មុន​ពេល​ផ្ញើ​មក​កាន់​ស្ថានទូត ។

        បន្ទាប់​ពី​រើស​បាន​មន្ទីរ​ពិសោធន៍ ដែល​មាន​លក្ខណៈ​ដូច​ខាង​លើ អ្នក​ធានា​ត្រូវ​ទាក់ទង​មន្ទីរ​ពិសោធន៍ ដោយ​ឲ្យ​មន្ទីរ​ពិសោធន៍​ផ្ញើ​ឧបករណ៍​យក​គំរូ DNA មក​កាន់​ស្ថានទូត​តាម​អាស័យដ្ឋាន​៖ ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក ផ្នែក​ទិដ្ឋាការ​អន្តោប្រវេសន៍ អាគា​លេខ​១ ផ្លូវ​លេខ ៩៦ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ ព្រះរាជាណាចក្រ​កម្ពុជា​។

        បន្ទាប់​ពី​ស្ថានទូត​បាន​ទទួល​ឧបករណ៍ និង​បាន​កំណត់​នូវ​ថ្ងៃ​សំរាប់​ធើ្វ​តេស្តន៍​រួម​មួយ យើង​ខ្ញុំ​នឹង​ទូរស័ព្ទ​ប្រាប់​បេក្ខជន អំពី​កាលបរិចេ្ឆទ ដែល​នឹង​ត្រូវ​ធើ្វ​តេស្តន៍ នៅ​ស្ថាន​កុងស៊ុល​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​។ មន្ទីរពេទ្យ IOM ឬ SOS នឹង​រួម​សហការណ៍​ក្នុង​ការ​យក​គំរូ DNA នៅ​ថ្ងៃ​នោះ​។

        បេក្ខជន​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម សំរាប់​ការ​ធ្វើ​តេស្តន៍ បន្ទាប់​ពី​បាន​ទទួល​ទូរស័ព្ទ​ពី​ស្ថានទូត​៖

១) មុន​ថ្ងៃ​មក​ធ្វើ​តេស្តន៍​មួយ​ថ្ងៃ​៖ បេក្ខជន​ត្រូវ​ទៅ​បង់​ប្រាក់ នៅ​មន្ទីរពេទ្យ​ដែល​ស្ថានទូត​បាន​កំណត់​ណា​មួយ​៖

  • មន្ទីរពេទ្យ IOM  នឹង​យក​តំលៃ ២៥​ ដុល្លា​អាមេរិក​ក្នុង​ម្នាក់​។ លេខ​ទូរស័ព្ទ​មន្ទីរពេទ្យ​៖ (០២៣) ៧២០ ៤០៦ / ២១៦ ៥៣២
  • មន្ទីរពេទ្យ SOS នឹង​យក​តំលៃ ២៧ ដុល្លា​អាមេរិក​ក្នុង​ម្នាក់​។ លេខ​ទូរស័ព្ទ​មន្ទីរពេទ្យ​៖ (០២៣) ២១៦ ៩១១

២) នៅ​ថ្ងៃ​ធ្វើ​តេស្តន៍​នៅ​ស្ថានទូត​៖ បេក្ខជន​ម្នាក់​ៗ​ត្រូវ​យក​មក​ជាមួយ​នូវ​៖

  • រូបថត ទំហំ ៥x៥ ស.ម. ដែល​មាន​ផ្ទៃ​ក្រោយ​ពណ៌​ស ចំនួន ២ សន្លឹក ហើយ​គ្មាន​សរសេរ​អ្វី​នៅ​ខាង​ខ្នង​។
  • លិខិត​ឆ្លង​ដែន​ឬ​អត្តសញ្ញាណប័ណ្ណ ដែល​នៅ​មាន​សុពលភាព​ប្រើប្រាស់​។ សំរាប់​បេក្ខជន​សុំ​លិខិត​ឆ្លងដែន​និង​សញ្ជាតិ​អាមេរិក (CRBA) ត្រូវ​យក​មក​ជាមួយ​នូវ​សំបុត្រ​កំណើត​ច្បាប់​ដើម​និង​បកប្រែ​។
  • បេក្ខជន​ដែល​មាន​អាយុក្រោម ១៨ ឆ្នាំ ត្រូវតែ​មាន​អាណាព្យាបាល​មក​ជាមួយ ហើយ​អាណាព្យាបាល​នោះ​ត្រូវ​យក​មក​ជាមួយ នូវ​លិខិត​ឆ្លងដែន ឬ​អត្តសញ្ញាណប័ណ្ណ​ដែរ​។
  • លោក​អ្នក​អាច​ពិសារ​អាហារ​បាន ប៉ុន្តែ​សូម​សំអាត​មាត់​ក្រោយ​ពេល​បរិភោគ​។ ការ​ធ្វើ​តេស្តន៍​ត្រូវ​ចំណាយ​ពេល​កន្លះ​ថ្ងៃ​។

        សូម​បញ្ជាក់​ថា បេក្ខជន​ដែល​មិន​បាន​បំពេញ​ត្រឹមត្រូវ​នូវ​លក្ខខណ្ឌ​ខាង​លើ នឹង​ត្រូវ​បាន​លើក​ថ្ងៃ​ធ្វើ​តេស្តន៍​ទៅ​ថ្ងៃ​ក្រោយ ទោះបីជា​បាន​បង់ប្រាក់​ឲ្យ​មន្ទីរពេទ្យ​ហើយ​ក្តី​។

        ក្រោយ​ពី​ការ​យក​គំរូ DNA ស្ថានទូត​នឹង​ផ្ញើ​គំរូ​នោះ​ទៅ​មន្ទីរ​ពិសោធន៍ ដែល​នៅ​អាមេរិក​វិញ ដើម្បី​ធ្វើ​ការ​វិភាគ​។

        សំគាល់៖ មន្ទីរ​ពិសោធន៍​ត្រូវ​ផ្ញើ​លទ្ធផល DNA ដែល​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​សំគាល់​អត្តសញ្ញាណ​បេក្ខជន ដែល​បាន​ធ្វើ​តេស្តន៍ មក​ស្ថានទូត​តាម​អាស័យដ្ឋាន​ដូច​ខាង​លើ​ដោយ​ផ្ទាល់​។ ស្ថានទូត​មិន​ទទួល​ស្គាល់​លទ្ធផល​ទាំង​ឡាយ​ណា​ដែល​បេក្ខជន​កាន់​មក​ទេ​។

        លោក​អ្នកមិនគួរធ្វើតេស្តន៍ DNA ដោយគ្មានការស្នើសុំពីមន្រ្តីកុងស៊ុលទេ   ព្រោះ​យើង​មិន​ទទួល​ស្គាល់​ការ​ធ្វើ​តេស្តន៍​ណា​ដែល​គ្មាន​ការសហការណ៍​ពី​ស្ថានទូត​ឡើយ​។    រាល់​សំនួរ​ទាក់ទង​និង​ការ​ធ្វើ​តេស្តន៍ DNA សូម​ផ្ញើ Email មក​៖ PHPDNA@state.gov  ៕