Skip Global Navigation to Main Content
Skip Breadcrumb Navigation
សេចក្តី​ប្រកាស​ពត៌មាន ក្នុង​​ឆ្នាំ​២០១៣

ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រកាស​ទទួល​សំណើ​សុំ​ថវិកា​ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត សំរាប់​ការ​អភិរក្ស​វប្បធម៌ ឆ្នាំ​២០១៣ ក្នុង​កម្មវិធី​ជំនួយ​ថវិកា​ខ្នាត​ធំ

ចេញ​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០១៣

          ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ និង​ការិយាល័យ​កិច្ចការ​អប់រំ​និង​វប្បធម៌ របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក មាន​សេចក្តី​រីករាយ សូម​ប្រកាស​ទទួល​សំណើ​សុំ​ថវិកា​ពី​មូលនិធិ​ឯកអគ្គរដ្ឋទូត សំរាប់​ការ​អភិរក្ស​វប្បធម៌ (AFCP) ក្នុង​កម្មវិធី​ជំនួយ​ថវិកា​ខ្នាត​ធំ​។

         មូលនិធិ AFCP ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​ក្នុង​ការ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​។ គំរោង​ដែល​ត្រូវ​បាន​ជ្រើសរើស សំរាប់​ទទួល​បាន​ថវិកា​ក្រោម​កម្មវិធី​នេះ នឹង​ជំរុញ​គោលដៅ​ការទូត​របស់​សហរដ្ឋ​អាមេរិក ហើយ​បង្ហាញ​ពី​ការ​គោរព​ដ៏​ជ្រាលជ្រៅ របស់​សហរដ្ឋ​អាមេរិក ចំពោះ​បេតិកភណ្ឌ​វប្បធម៌​នៃ​ប្រទេស​កម្ពុជា​។ មូលនិធិ​នេះ​មាន​បំណង​អភិរក្ស​ទីតាំង​បូរាណ​សំខាន់​ៗ អាគារ​និង​ប្រសាទ​ជា​ប្រវត្តិសាស្រ្ត និង​វត្ថុ​សំរាប់​រក្សា​ទុក​ក្នុង​សារមន្ទីរ ដែល​មាន​អត្ថន័យ​សំខាន់ ដល់​បេតិកភណ្ឌ​វប្បធម៌​នៃ​ប្រទេស​កម្ពុជា​។ តាំង​ពី​ឆ្នាំ ២០០៨ មក អំណោយ​សំរាប់​គំរោង​ធំ​ថ្មី​ៗ ក្រោម​កម្មវិធី​នេះ​មាន​ទឹកប្រាក់​ក្នុង​ចំនួន​ពី ៥៧៥ ០០០ ដុល្លា​អាមេរិក​ទៅ ៩៧៩ ០០០ ដុល្លា​អាមេរិក ដោយ​គិត​ជា​មធ្យម​មាន ៧១២ ០០០ ដុល្លា​អាមេរិក​។

       ដំណើរការ​ដាក់​ពាក្យ​សុំ​មាន ២ ដំណាក់កាល​។ សូម​ចំណាំ​កាលបរិច្ឆេទ​នៃ​ការ​ដាក់​ពាក្យ​សុំ ដែល​មាន​ដូច​ខាង​ក្រោម​នេះ​៖

  1. ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣ វេលា​ម៉ោង ៥ រសៀល គឺ​ជា​ពេល​ចុងក្រោយ​សំរាប់​ការ​ផ្ញើ​សេចក្តី​រៀបរាប់​សង្ខេប​ស្តីពី​គំរោង មក​ស្ថានទូត​អាមេរិក (​ដំណាក់កាល​ទី​១​) និង
  2. ថ្ងៃ​ទី​២១ ខែ​មិនា ឆ្នាំ​២០១៣ វេលា​ម៉ោង ៥ រសៀល គឺ​ជា​ពេល​ចុង​ក្រោយ សំរាប់​ការ​ផ្ញើ​សំណើ​សុំ​គំរោង​ទាំងមូល មក​ស្ថានទូត​អាមេរិក ចំពោះ​សេចក្តី​រៀបរាប់​សង្ខេប​នៃ​គំរោង ដែល​បាន​ទទួល​ការ​យល់ព្រម ក្នុង​ដំណាក់កាល​១​។

       ចំពោះ​ព័ត៌មាន​ស្តីពី​ការ​ដាក់​សំណើ​សុំ និង​ដើម្បី​មើល​គោលការណ៍​ស្តីពី​ការ​ដាក់​ពាក្យ​សុំ​ថវិកា​ពី​កម្មវិធី​នេះ សូម​ចុច​ត្រង់​នេះ